ផ្ទះពលរដ្ឋ១៥ខ្នងត្រូវបានខូចខាតដោយសារអគ្គីភ័យ ក្នុងនោះ កម្លាំងជំនាញពន្លត់អគ្គីភ័យចេញរថយន្តចំនួន៨គ្រឿង ដើម្បីទប់ស្កាត់
កំពង់ចាមៈនៅវេលាម៉ោង១៥និង១៦នាទីរសៀល ថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩ ក្រោយពីទទួលបានព័ត៌មាន ករណីគ្រោះអគ្គីភ័យមួយកើតឡើងនៅខេត្តកំពង់ចាម ស្ថិតក្នុងភូមិស្វាយតានាន់”ខ” ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ភ្លាមៗនោះលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឱ្យកម្លាំងជំនាញពន្លត់អគ្គីភ័យចេញរថយន្តចំនួន០៦គ្រឿង ទាំងខេត្តនិងស្រុក ចេញប្រតិបត្តិការជាបន្ទាន់ និងសុំការសហការភ្លាមៗ ពីស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នូវរថយន្ត ០២គ្រឿងបន្ថែមទៀត របស់អធិការដ្ឋានស្រុកមុខកំពូល និងស្រុកខ្សាច់កណ្ដាល សរុបរថយន្តប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការ ចំនួន ០៨គ្រឿង។
រថយន្តអគ្គីភ័យ ០៣គ្រឿង បានទៅដល់កន្លែងកើតហេតុភ្លាមៗ នៅវេលាម៉ោង ១៥និង៥០នាទី។ កម្លាំងជំនាញ ប្រើប្រាស់រថយន្តពន្លត់៨គ្រឿង ទើបគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ១៦និង៤២នាទី។ បើតាមសាកក្សីជាម្ចាស់ផ្ទះ បញ្ជាក់ថា មូលហេតុបណ្ដាលឱ្យកើតអគ្គីភ័យ គឺមកពីទុស្សេខ្សែភ្លើង ។ បើតាមសមត្ថកិច្ច បានឲ្យដឹងថា ទំហំនៃការខូចខាត គឺផ្ទះចំនួន១៥ខ្នង ត្រូវបានខូចខាត ដោយសារកំសួលអណ្តាតភ្លើង៕