នាយករដ្ឋមន្ត្រីថៃបដិសេធមិនចូលរួមវេទិកាជជែកនយោបាយ មុនការបោះឆ្នោត

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃអង្គារ៍ទី២៦ កុម្ភៈ ម្សិលមិញ បានប្រកាសច្រានចោលការអំពាវនាវរបស់អ្នកនយោបាយដែលចង់ឲ្យរូបលោកចូលរួមក្នុងវេទិកាជជែកពីគោលនយោបាយ ដោយលោកអះអាងថា លោករវល់ពេកជាមួយការងារ មិនអាចចំណាយពេលឥតប្រយោជន៍ក្នុងវោហាសាស្ត្រនយោបាយទេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។

ថ្លែងក្រោយកិច្ចប្រជុំប្រចាំសប្តាហ៍ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយថា លោកគ្មានការចាំបាច់ចូលរួមវេទិកាជជែកគ្នានេះទេ តែលោកថា លោកមិនខ្លាចប្រឈមមុខជាមួយបណ្តាអ្នកនយោបាយផ្សេងៗទេ។ លោកបញ្ជាក់ដែរថា ក្នុងពេល៥ឆ្នាំមកនេះ រាជរដ្ឋាភិបាលបានអនុវត្តការធ្វើកំណែទម្រង់លើវិស័យផ្សេងៗ ហើយនិងរបៀបវារៈថ្នាក់ជាតិនានា។ រាជរដ្ឋាភិបាលបានបង្កើតយុទ្ធសាស្ត្រជាតិ២០ឆ្នាំ និងផែនការមេពាក់ព័ន្ធជាច្រើនទៀត។ លោកសួរវិញថា «តើនោះមិនមែនជាទស្សនៈរបស់ខ្ញុំឬយ៉ាងណា?»។

គួរបញ្ជាក់ថា ថៃនឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ជាការបោះឆ្នោតដំបូង ចាប់តាំងពីប្រទេសនេះមានរដ្ឋប្រហារយោធា កាលពីឆ្នាំ២០១៤ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីបច្ចុប្បន្ន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner