ករណីពុលស្រានៅឥណ្ឌា ចំនួនអ្នកស្លាប់កើនឡើងជិត១៦០នាក់

ឥណ្ឌា៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារពុលស្រា នៅក្នុងរដ្ឋអាស់សែម ភាគឦសានប្រទេស បានបន្តកើនឡើងដល់១៥៦នាក់ហើយ និងមនុស្សជាច្រើននាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ។

ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា មនុស្ស១០នាក់ ត្រូវបានចាប់ខ្លួនយកមកសួរចម្លើយផងដែរ ដោយសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការលក់ស្រាក្លែងក្លាយខុសច្បាប់។ ប៉ុន្តែករណីពុលស្រាបែបនេះ មិនជារឿងថ្មីថ្មោងនៅប្រទេសឥណ្ឌានោះទេ ពោលគឺនៅក្នុងខែកុម្ភៈនេះ មានមនុស្សជិត១០០នាក់បានស្លាប់នៅរដ្ឋ អ៊ុតតា ប្រាដេស និងរដ្ឋ អ៊ុតតារ៉ាក់ខាន់ បន្ទាប់ពីពួកគេផឹកស្រាក្លែងក្លាយគ្មានច្បាប់អនុញ្ញាត។

សូមរំលឹកថា មនុស្សជាង១០០នាក់បានបាត់បង់ជីវិតកាលពីឆ្នាំ២០១៥ ក្នុងករណីដូចគ្នានេះដែរ នៅឯតំបន់សំណង់អនាធិបតេយ្យក្នុងទីក្រុងម៉ុមបៃ ហើយនៅឆ្នាំ២០១១ មនុស្សចំនួន១៧២នាក់បានស្លាប់ នៅរដ្ឋ បេនហ្គាល់ ខាងលិច។ គ្រឿងស្រវឹងក្លែងក្លាយ ឬខុសច្បាប់មានការពេញនិយមខ្លាំងនៅឥណ្ឌា ព្រោះតែតម្លៃថោក និងភាពងាយស្រួលក្នុងការស្វែងរករបស់ពួកវា ជាពិសេសជនក្រីក្រដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រទេសនេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner