ប្រធានរដ្ឋវៀតណាម កោតសរសើរកម្ពុជាពីភាពរីកចម្រើនលើគ្រប់វិស័យ
ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវិមានសន្តិភាព ឯកឧត្តម ង្វៀន ហ្វូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គម និយមវៀតណាម បានសង្កេតឃើញថា ព្រះរាជាណាចក្រកម្ពុជា គឺទទួលបានជោគជ័យលើវិស័យ ជាច្រើន រួមមានការអភិវឌ្ឍខាងហេដ្ឋារចនាសម្ព័ន្ធ សំណង់ សេដ្ឋកិច្ចកម្ពុជា គឺមានកំណើនកើនឡើង ជាង៧ភាគរយ។ ស្ថានភាពនៅកម្ពុជា គឺមានស្ថិរភាព និងទំនាក់ទំនងការទូតកម្ពុជា មានការបើក ទៅក្រៅជាលំដាប់។ ក្នុងន័យនេះ ឯកឧត្តមក៏បានសម្ដែងនូវការអបអរសាទរចំពោះជោគជ័យ ដែលកម្ពុជាទទួលបានកន្លងមកនេះ ហើយឯកឧត្តមក៏បានឆ្លៀតឱកាសនោះ លើកឡើងថា លោកបានជួបជាមួយព្រះមហាក្សត្រកម្ពុជា ជួបជាមួយសម្ដេចព្រះសង្ឃរាជកម្ពុជា ដែលឯកឧត្តមមានកិត្តិយសណាស់ ដែលត្រូវបានការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជាទីបំផុត។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានប្រាប់អ្នកយកព័ត៌មាន ក្រោយចប់ជំនួបថា ឯកឧត្តម ង្វៀន ហ្វូជុង បានជម្រាបជូនសម្ដេចតេជោថា នេះគឺជាលើកទីមួយហើយ ដែលឯកឧត្តមបានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឋានៈជាអគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋរបស់វៀតណាម។ ដំណើរទស្សនកិច្ចនេះ គឺស្របពេលជាមួយនឹងឆ្នាំថ្មី ទើបនឹងកន្លងផុតទៅ ជាមួយនឹងខួបទី៤០ឆ្នាំ នៃការផ្តួលរំលំនៅរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយក្នុងដំណើរទស្សនកិច្ចនេះ គឺឯកឧត្តមមានបំណងក្នុងការពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដែលមានស្រាប់ ហើយក៏ដើម្បីតាមរយៈការពិនិត្យមើលឡើងវិញ លើរាល់អ្វីដែលបានធ្វើពីអតីតកាល ដោយឈរលើមូលដ្ឋាននេះ ដើម្បីពង្រីកនិងដាក់ទិសដៅ សម្រាប់ការអភិវឌ្ឍនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពទៅលើអ្វីដែលលោកបានលើកឡើង ហើយក៏បានមានប្រសាសន៍ផងដែរថា កម្ពុជាទទួលបានការអភិវឌ្ឍរហូតមកដល់ពេលនេះ គឺមិនអាចកាត់ផ្តាច់ បានពីកងទ័ព ប្រជាជន បក្ស និងរដ្ឋាភិបាលវៀតណាមឡើយ ហើយសម្ដេចក៏បានឯកភាពផងដែរថា ឈរលើមូលដ្ឋាននៃទំនាក់ទំនងដែលមានស្រាប់កន្លងមក ធ្វើយ៉ាងណាជំរុញទំនាក់ទំនងនេះ ឲ្យកាន់ តែរីកចម្រើនឡើងថែមទៀត តាមរយៈស្ថាប័នទាំងអស់ របស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល វៀតណាម ឲ្យកាន់តែសកម្មថែមទៀត។ សម្តេចតេជោ បានសម្តែងនូវការអបអរសាទរ ជូនចំពោះ វៀតណាម ដែលកំពុងតែទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន។
នៅក្រោយជំនួបនៃកិច្ចសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ង្វៀន ហ្វូជុង បានអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន រួមមាន៖
ទី១)ពិធីសារស្តីពីវិសោធនកម្ម លើពិធីសារសម្រាប់អនុវត្ត កិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ស្តីពីការដឹកជញ្ជូនផ្លូវគោក ទី២)សេចក្ដីបន្ថែម ស្តីពីការកែប្រែមាត្រា៦ និងមាត្រា១៧ នៃកិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ស្តីពីការដឹកជញ្ជូនផ្លូវទឹក ៣)អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង២៥លានដុល្លាអាម៉េរិក សម្រាប់ការអនុវត្ត គម្រោងសាងសង់ អគាររដ្ឋបាលរបស់រដ្ឋសភា ទី៤)កិច្ចសម្របសម្រួលជំរុញ ពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-វៀតណាម ស្តីពីការអនុគ្រោះពន្ធសម្រាប់ឆ្នាំ ២០១៩-២០២០ និងទី៥)អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ សម្រាប់ឆ្នាំ២០១៩-២០២១ រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍វៀតណាម។
សូមបញ្ជាក់ថា ឯកឧត្តម ង្វៀន ហ្វូជុង បានអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាជាលើក ដំបូង ក្នុងនាមជាប្រមុខរដ្ឋវៀតណាមនៅថ្ងៃទី២៥ ខែកុម្ភៈ។ ពេលអញ្ជើញដល់ឯកឧត្តម បានចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះបរមរាជវាំង។ ក្នុងដំណើរទស្សនកិច្ចនេះ ប្រមុខរដ្ឋវៀតណាម ក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជួបសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាផងដែរ៕ម.ន









