ជិះម៉ូតូឌុបគ្នាបម្រុងដើរលួច ត្រូវសមត្ថកិច្ចក្របួចជាប់មុន

ភ្នំពេញ៖ ជនសង្ស័យ២នាក់ជាមុខសញ្ញាដើរលួចនៅពេលយប់ ត្រូវបាននគរបាលប៉ុស្តិស្ទឹងមានជ័យទី១ ឃាត់ខ្លួនបាន។ លោក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង១២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានធ្វើការល្បាតក្នុងមូលដ្ឋាន ដើម្បីការពារ និងរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅផ្លូវបេតុង ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ២ ក៏បានប្រទះឃើញជនសង្ស័យ២នាក់ជិះម៉ូតូវីវ៉ាឌុបគ្នា ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានឃាត់ឲ្យឈប់ ដើម្បីធ្វើការឆែកឆេរ។ ពេលកំពុងឆែកឆេរកាបូបស្ពាយរបស់ជនសង្ស័យ សមត្ថកិច្ចបានរកឃើញមានសោសម្រាប់កាច់កម៉ូតូមួយកំប្លេរ និងសោសម្រាប់ដោះម៉ូតូមួយចំនួនទៀត។ ក្រោយពេលត្រួតពិនិត្យរួច សមត្ថកិច្ចបាននាំជនសង្ស័យទៅធ្វើការសាកសួបន្ត នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១)ឈ្មោះ ចាន រ៉ាវុធ អាយុ៣៥ឆ្នាំ មុខរបររើសអេតចាយ
និងទី២)ឈ្មោះ ផុន អយ អាយុ១៧ឆ្នាំ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានសារភាពថា ពួកគេ គឺជិះម៉ូតូបម្រុងដើរលួចម៉ូតូ ឬក៏សម្ភារៈណាដែលមានតម្លៃរបស់ប្រជាពលរដ្ឋដែលទុកដាក់ធ្វេសប្រហែស តែចៃដន្យត្រូវបានប៉ូលិសឃាត់ខ្លួនបានមុន។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner