នាយករដ្ឋមន្រ្តីជប៉ុនសង្ឃឹមថា ជំនួបកំពូលរវាងសហរដ្ឋអាម៉េរិក-កូរ៉េខាងជើង នឹងនាំមកនូវសន្តិភាព និងស្ថិរភាពមកកាន់តំបន់អាស៊ីបូព៌ា
ជប៉ុន៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បានជជែកគ្នាតាមទូរសព្ទ ដើម្បីពិភាក្សាលើបញ្ហាសន្តិភាព និងស្ថិរភាពនៅតំបន់អាស៊ីបូព៌ា មុនជំនួបកំពូលរបស់លោក ត្រាំ ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម នាសប្តាហ៍ក្រោយនេះ។

លោក អាបេ បាននិយាយប្រាប់សារព័ត៌មានថា ពួកយើងបានជជែកគ្នាពីបញ្ហាក្តីកង្វល់រៀងៗខ្លួនជាច្រើនពាក់ព័ន្ធនឹងកូរ៉េខាងជើង ដែលរួមទាំងការបញ្ជូនមកវិញនូវពលរដ្ឋជប៉ុន ដែលត្រូវបានចាប់ពង្រាត់យកទៅដោយកូរ៉េខាងជើង និងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងប្រព័ន្ធមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។

នាយករដ្ឋមន្រ្តីជប៉ុនរូបនេះបានបន្ថែមថា ពួកយើងបានព្រមព្រៀងគ្នាផងដែរដើម្បីសន្ទនាគ្នាតាមទូរសព្ទម្តងទៀត ក្រោយជំនួបរវាងលោក ដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន នៅរដ្ឋធានីហាណូយ នៅថ្ងៃទី២៧ និងទី២៨ ខែកុម្ភៈខាងមុខនេះ។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងផងដែរថា នឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសជប៉ុន នាខែឧសភាខាងមុខ ដើម្បីជួបជាមួយព្រះចៅអធិរាជថ្មីរបស់ជប៉ុន ហើយនឹងវិលត្រឡប់មកវិញម្តងទៀត សម្រាប់កិច្ចប្រជុំបណ្តាប្រទេស G20៕ធ.ដ