រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការប្តូរអំពូលភ្លើងពីធម្មតាមកអំពូលវ័យឆ្លាតLEDសម្រាប់បំភ្លឺក្នុងទីក្រុង

​ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ការដាក់ឲ្យដំណើរការ និងការថែទាំសេវាភ្លើងបំភ្លឺសាធារណៈតាមប្រពន្ធ័គ្រប់គ្រងទីក្រុងវ័យឆ្លាតក្នុងរាជធានីភ្នំពេញ (Smart lighting System)រវាងទីក្រុមហ៊ុន Minebea Cambodia និងក្រុមហ៊ុន PPDE និងC ដែលរដ្ឋបាលរាជធានីភ្នំពេញបានប្រគល់សិទ្ធិឲ្យក្រុមហ៊ុនPPDE & C ជាអ្នករៀបចំកែលម្អភ្លើងបំភ្លឺសាធារណៈ​ក្នុងរាជធានីភ្នំពេញពីអំពូលភ្លើង ធម្មតាមកអំពូល​វៃឆ្លាតតាម​បច្ចេកវិជ្ជា ទំនើបទាន់ សម័យសន្សំសំចៃភ្លើងដែលផលិត ដោយក្រុមហ៊ុនMinebea Cambodiaរបស់ប្រទេសជប៉ុន។ ពិធីចុះហត្ថលេខា នេះបានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០១៩  នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងថា បានចាត់ទុកក្រុមហ៊ុនMinebea ដែលបានផលិតគ្រឿងបរិក្ខារប្រើប្រាស់ផ្សេងៗ ជារោងចក្រដែលមានបរិយាកាសការងារល្អពុំដែលកើតមានបញ្ហា រវាងថៅកែ និងកម្មករកម្មការនី។ លោកអភិបាលក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Minebea ដែលបានផ្តល់ទំនុកចិត្ត និងជ្រើសរើសយករាជធានីភ្នំពេញ ធ្វើជាទីតាំងវិនិយោគដោយការទុកចិត្តពីសន្តិភាព និងស្ថេរភាព នយោបាយ និងបរិយាកាសវិនិយោគនៅកម្ពុជា។

រដ្ឋបាលរាជធានីភ្នំពេញសុំបង្ហាញការគាំទ្រពេញទំហឹងចំពោះក្រុមហ៊ុនMinebea និងស្របតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម អភិបាលបន្តថា រដ្ឋបាលរាជធានីភ្នំពេញត្រៀមខ្លួនគាំទ្រជានិច្ច ចំពោះអ្នកវិនិយោគមកពីជប៉ុន ស្របពេលដែលកម្ពុជាមានសក្ដានុពលច្រើនសម្រាប់ធ្វើការវិយោគ និងស្របតាម ចំណង់ចំណូលចិត្តរបស់ពលរដ្ឋកម្ពុជាដែល ចូលចិត្តប្រើរបស់ជប៉ុន។

លោក យូស៊ី ហីសា កៃណឺមា អគ្គនាយកក្រុមហ៊ុនMinebea បានអរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ដែលជានិច្ចកាលតែងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនលោក។ អំពូលភ្លើងឆ្លាតវៃប្រភេទ LEDដែលក្រុមហ៊ុនMinebeaនឹងផ្គត់ផ្គង់សម្រាប់បំភ្លឺសាធារណៈក្នុងរាជធានីភ្នំពេញ គឺជាអំពូលភ្លើងដែលអាចសន្សំសំចៃឋាមពលអគ្គិសនីរហូតដល់៨០%បើប្រៀបធៀបនឹងអំពូលធម្មតា និងអាចដំឡើងឬបន្ថយពន្លឺតាមរយៈទូរបញ្ជាតាមស្ថានភាព ជាក់ស្តែងនៃចរាចរតាមដងផ្លូវដែលក្រុមហ៊ុនបានប្រើប្រាស់ សាកល្បងរួចហើយតាមវិធីសំខាន់ៗចំនួន៣គឺ៖ វិថីសម្តេចតេជោហ៊ុនសែន មហាវិថីព្រះនរោត្តម និងមហាវិថីសហពន្ធ័រុស្ស៊ី និងជាអំពូលភ្លើងដែលធានាបាននូវ សោភណ្ឌភាព និងបរិស្ថានយ៉ាងល្អប្រសើរ។នេះជាការបោះជំហ៊ានថ្មីមួយទៀត របស់រាជធានីភ្នំពេញក្នុងការគ្រប់គ្រងទីក្រុងវៃឆ្លាតដូចបណ្តាទីក្រុងនានា នៅក្នុងតំបន់អាស៊ានផងដែរ។

ពិធីចុះហត្ថលេខាធ្វើឡើងនៅរសៀលថ្ងៃទី២០កុម្ភៈរវាងលោកឧកញ៉ា សុខ ចេង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនCPPE &CនិងលោកTet su shizaki អគ្គនាយករងក្រុមហ៊ុនMinebea Cambodia៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner