ថៃនឹងឧបត្ថមថវិកាដល់វត្ត ក្រោយសង្ឃកាត់បន្ថយចង្ហាន់ដោយសារកូវីដ
បាងកក៖ ដោយសារតែជំងឺកូវីដ ព្រះសង្ឃថៃ បានកាត់បន្ថយចង្ហាន់ជាអតិបរមាក្នុងអំឡុងពេលនៃការរាតត្បាតដោយជំងឺកូវីដ១៩។ នេះគឺជាលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ថៃលើវត្តចំនួន៤ម៉ឺនវត្តនិងព្រះសង្ឃចំនួន៣០ម៉ឺនអង្គនៅទូទាំងប្រទេស។

ផលប៉ះពាល់ភាគច្រើនចំពោះវត្ត និងព្រះសង្ឃគឺ ការចំណាយលើថ្លៃទឹក និង ថ្លៃអគ្គិសនី និងការចំណាយទូទៅត្បិតអីចំនួនអ្នកធ្វើបុណ្យនៅវត្តធ្លាក់ចុះជាគំហុកដែលធ្វើឱ្យប៉ះពាល់ខ្លាំងដល់ព្រះសង្ឃ។
ហេតុដូចនេះ ហើយបានជាគណៈរដ្ឋមន្ត្រីថៃនៅថ្ងៃទី១៤ ខែឧសភានេះ ប្រកាសពីគម្រោងប្រគេនមូលនិធីសង្គ្រោះដល់ព្រះសង្ឃនៅតាមអារាមដែលប្រឈមនឹងការដាច់ចង្ហាន់ដោយសារតែជំងឺកូវីដ១៩។
បើទោះបីមិនទាន់បញ្ជាក់ពីជំនួយមែន ប៉ុន្តែគណៈរដ្ឋមន្ត្រីថៃបានប៉ាន់ស្មានថា ព្រះសង្ឃ១អង្គអាចនឹងទទួលបានបច្ច័យ១០០បាត(12700រៀល)ក្នុងមួយថ្ងៃ ហើយថវិកានេះ នឹងត្រូវផ្តល់តាមរយៈការរិយាល័យសាសនាជាតិ៕

