សម្តេចប្រធានរដ្ឋសភា ដឹកនាំសមាជិករដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងពុទ្ធសាសនិក ប្រារព្ធពិធីមាឃបូជានៅព្រះសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ
សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា បានដឹកនាំសមាជិករដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងពុទ្ធសាសនិក ប្រារព្ធពិធីមាឃបូជាត្រូវនឹងថ្ងៃ១៥កើតពេញបូណ៌មី ខែមាឃ ឆ្នាំចរ សំរឹទ្ធិសក័ ព-ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលស្ថិតនៅព្រះសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ភ្នំឧដុង្គ) ស្ថិតនៅឃុំផ្សារដែក ស្រុកពញាឭ ខេត្តកណ្តាល ដោយមាននិមន្ត សម្តេចព្រះសង្ឃរាជ ទេព វង្ស សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះវ័នរ័ត ណយ ច្រឹក សម្តេចព្រះឧត្តបញ្ញាដួង ផង់សម្តេចព្រះឧត្តមវង្សា មួង រ៉ា សម្តេចព្រះឧត្តម មុនី ជាសំអាង ព្រះសាសន មុនី ប៊ុនធឿន។

ពីធិបុណ្យមាឃបូជា ក៏មានការអញ្ជើញចូលរួមពីសំណាក់បណ្តាអង្គទូតនៃបណ្តាប្រទេស ដែលកាន់ព្រះពុទ្ធសាសនា ដូចជា ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា ឯកអគ្គរដ្ឋទូតឡាវ ជប៉ុន ប្រចាំនៅកម្ពុជា។ ពីធិបុណ្យមាឃបូជានៅឆ្នាំនេះក៏មានពិធីរាប់ បាត្រព្រះសង្ឃ ចំនួន៨០ព្រះអង្គផងដែរ។ ពិធីមាឃបូជានាថ្ងៃទីថ្ងៃ ១៥កើតពេញបូណ៌មី ខែមាឃ ម្ដងៗ ពុទ្ធសាសនិកតែងតែនាំគ្នាប្រារព្ធពិធីដ៏ធំមួយគឺបុណ្យ «មាឃបូជា»។

ពិធីនេះគឺជាឱកាសអោយពុទ្ធសាសនិករំឭកដល់ព្រឹត្តិការណ៍សំខាន់មួយចំនួនដែលបានកើតឡើងនៅក្នុងសម័យពុទ្ធកាល។ ពិធីបុណ្យមាឃបូជា ជាទូទៅត្រូវពុទ្ធបរិស័ទ ឬអ្នកកាន់ព្រះពុទ្ធសាសនាប្រារព្ធធ្វើនៅតាមវត្តអារាម ឬមួយធ្វើនៅឯព្រះសក្យមុនីចេតិយ ជាទីតម្កល់ព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធ។

អ្នកសិក្សាស្រាវជ្រាវផ្នែកព្រះពុទ្ធសាសនាបញ្ជាក់ថា ថ្ងៃមាឃបូជា គឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងព្រះពុទ្ធសាសនា ឬកាលដ៏អស្ចារ្យមួយដើម្បីរំឭកដល់ព្រះសម្មាសម្ពុទ្ធបរមគ្រូ កាលពីទ្រង់នៅមានព្រះជន្មាយុនៅឡើយ។ ថ្ងៃមាឃបូជា គឺរំឭកទៅដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ដាក់អាយុសង្ខារ «ជាព្រឹត្តិការណ៍ដែលព្រះអង្គដាក់ព្រះជន្មាយុសង្ខារ បានន័យថា កំណត់ពេលបរិនិព្វាន នៅពេលដែលមារបានទៅអារាធនាព្រះ អង្គក៏បានទទួលយល់ព្រមជាមួយនឹងមារ អ៊ីចឹងនៅ៣ខែទៀត តថាគតនឹងបរិនិព្វាន»។

ថ្ងៃមាឃបូជា ក៏ជាថ្ងៃរំលឹកទៅដល់ពេលដែលព្រះពុទ្ធអង្គសម្ដែងនូវឱវាទបាតិមោក្ខប្រទានដល់ព្រះភិក្ខុសង្ឃជាអរហន្តទាំង១២៥០អង្គ ដែលបានមកចូលរួមចតុរង្គសន្និបាត «កាលនោះព្រះអង្គទ្រង់សម្ដែង ឱវាទបាតិមោក្ខ ព្រោះតែកាលណាគ្រាន់តែព្រះអង្គនឹងឃើញថា ចង់សម្ដែងបាតិមោក្ខ គឺចង់ជួបនឹងពួកភិក្ខុ ពេលនោះព្រះអរហន្តទាំង១២៥០អង្គ សុទ្ធតែជាព្រះអរហន្តលោកនិមន្តមកដោយពុំមានអ្នកនិមន្តទេ បានន័យថា បានមកដល់ភ្លាម»។

បដាផ្សព្វផ្សាយអត្ថន័យនៃពិធីបុណ្យមាឃបូជា ដូចរូបនៃការប្រជុំចតុរង្គសន្និបាត ជាកាលដ៏អស្ចារ្យ ពីព្រោះការប្រជុំនោះ គឺប្រកបដោយអង្គ៤ ដែលរួមមាន៖
អង្គទី១) គឺពេលនោះជាថ្ងៃឧបោសថសីលមានព្រះចន្ទពេញវង់ ថ្ងៃ១៥កើតជាថ្ងៃពេញបូណ៌មី ខែមាឃ។
អង្គទី២)ព្រះភិក្ខុសង្ឃសាវ័កដែលបានមកចូលរួមចតុរង្គសន្និបាតទាំង១២៥០អង្គនោះ គឺបាននិមន្តមកពីទិសទាំង៤ ដោយមិនបានកំណត់ពេលគ្នា ឬក៏ផ្ដល់ដំណឹងណាត់ទុកជាមួយគ្នាអ្វីមុនទាល់តែសោះ ក៏ស្រាប់តែដល់ថ្ងៃនោះ បាននិមន្តមកព្រមៗគ្នាតែម្ដង។

អង្គទី៣)ព្រះភិក្ខុសង្ឃទាំងអម្បាលម៉ាននោះ សុទ្ធសឹងតែជាព្រះអរហន្ត ឬជាបុគ្គលដែលបានសម្រេចអរហត្ត ប្រាសចាករាគៈ (លោភៈ) ទោសៈ មោហៈ ជាអ្នកសម្រេចនូវអភិញ្ញា៦ ឬមានចំណេះដឹងយ៉ាងខ្ពស់ក្នុងលោកុត្តរធម៌នៃព្រះពុទ្ធសាសនា។
ចំណែកអង្គទី៤)គឺព្រះភិក្ខុសង្ឃ១២៥០អង្គនោះ សុទ្ធតែជាឯហិភិក្ខុ ដូចគ្នាទាំងអស់។ ដែលហៅថា ឯហិភិក្ខុ គឺជាភិក្ខុដែលបំបួសឡើងដោយព្រះសម្មាសម្ពុទ្ធផ្ទាល់ ហើយពេលបំបួសនោះ គឺមានស្បង់ចីវរបានប្រាកដឡើងដោយឯកឯង ហើយការកាត់កោរសក់ កោរពុកមាត់ ពុកចង្កា ក៏កើតឡើងដោយឯកឯងដែរ ដោយអំណាចនៃបុណ្យបារមីរបស់ព្រះភិក្ខុសង្ឃទាំងនោះ ដែលបានធ្វើសន្សំទុកមកជាច្រើនជាតិ។

ក្នុងថ្ងៃប្រារព្ធពិធីបុណ្យមាឃបូជានេះ ពុទ្ធសាសនិកនៅកម្ពុជា ភាគច្រើនបានធ្វើចង្ហាន់ដើម្បីប្រគេនព្រះសង្ឃនៅតាមវត្តអារាមនានា។ ស្របគ្នានេះ ពុទ្ធបរិស័ទនៅតាមវត្តអារាមមួយចំនួនក៏បានដង្ហែក្បួនដាក់បង្ហាញគំនូរដែលនិយាយពីពុទ្ធប្រវត្តិផងដែរ៕ធ.ដ

