និស្សិតនគរបាលជាតិ និងជាបេក្ខជនទើបប្រឡជាប់ក្របខណ្ឌថ្មី ទទួលបានវគ្គបណ្តុះបណ្តាលថ្នាក់បរិញ្ញាប័ត្រវិទ្យាសាស្រ្តនគរបាលជាតិជំនាន់ទី១០ និងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៣ លើកទី១២
កណ្តាល៖ ឯកឧត្តមនាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានលើកឡើងថា សិក្ខកាមគ្រប់រូបត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង និងគោរពវិន័យឲ្យបានល្អខ្ជាប់ខ្ជួន ព្រមទាំងចូលរួមលើកកម្ពស់វប្បធម៌គុណភាពផងដែរ គឺសិក្ខាកាមម្នាក់ៗ មិនមែនគ្រាន់តែរៀនឲ្យតែចប់ដើម្បីបង្គ្រប់កិច្ចនោះទេ គឺរៀនដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព។ ការថ្លែងបែបនេះ បានធ្វើឡើងនៅក្នុងពិធីបើកវគ្គថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាលជាតិជំនាន់ទី១០ និងវគ្គបណ្តុះបណ្តាលកម្រ្តិតបឋមវិជ្ជាជីវះនគរបាលជំនាន់ទី១៣ លើកទី១២ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលមាននិស្សិតនគរបាលជាតិ និងជាបេក្ខជនទើបប្រឡជាប់ក្របខណ្ឌថ្មីសរុបចំនួនជាង៨០០នាក់។
ឯកឧត្តមនាយឧត្តមសេនីយ៍ លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបន្តប្តេជ្ញាចិត្តខ្ពស់ ក្នុងការធានាឲ្យបាននូវសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ចសង្គម សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋបានរស់នៅប្រកបដោយសុខក្សេមក្សាន្ត និងមានជីវភាពល្អប្រសើរ។ ឯកឧត្តម បញ្ជាក់ថា ដើម្បីឈានទៅសម្រេចបាននូវគោលនយោបាយនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានដាក់ចេញនូវផែនការអភិវឌ្ឍធនធានមនុស្ស និងផែនការជ្រើរើសមន្រ្តីនគរបាលបន្តវេន និងបំពេញជួសក្របខណ្ឌមន្រ្តីនគរបាលជាតិ និងផ្តល់ការគាំទ្រគ្រប់បែបយ៉ាងទាំងគោលនយោបាយ ស្មារតី សម្ភារ និងហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍន៍បណ្ឌិត្យសភានគរបាលកម្ពុជា និងពង្រឹងសមត្ថភាពវិជ្ជាជីវៈមន្រ្តីនគរបាលជាតិឲ្យកាន់តែប្រសើរឡើង។
ជាក់ស្តែងនៅចុងឆ្នាំ២០១៨កន្លងទៅនេះ ក្រសួងមហាផ្ទៃបានជ្រើសរើសមន្រ្តតីនគរបាលជាតិក្របខណ្ឌថ្មីចំនួន២,១៥៤នាក់ តាមរយៈការប្រឡង ហើយបេក្ខជនទាំងពីរភេទ ដែលបានប្រឡងជាប់ជាស្ថាពរទាំងអស់ ចាំបាច់ត្រូវតែឆ្លងកាត់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលមុនពេលកប្រកាសតាំងស៊ប់ក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិមុននឹងចេញទៅបំពេញការងារនៅតាមអង្គាភាពនានាក្នុងទូទាំងប្រទេស។ ជាចុងបញ្ចប់ឯឧត្តមប្រធានបានផ្តល់អនុសាសន៍ដល់សិស្សនានគរបាល និងសិស្សនាយនគរបាលរងទាំងអស់ ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ និងគោរពវិន័យឲ្យបានល្អខ្ជាប់ខ្ជួន និងប្រកាន់នូវ ទស្សនៈរៀនឲ្យចេះ មិនមែនរៀនឲ្យចប់ ឫមិនមែនរៀនដើម្បីបង្គ្រប់កិច្ចនោះទេ ព្រោះបណ្ឌិត្យសភានគរបាលកម្ពុជាមិនមានការលើកលែង ឬអនុគ្រោះឡើយចំពោះសិស្សដែលមិនបានគោរពវិន័យ និងមិនបានបំពេញគ្រប់លក្ខខណ្ឌនានា តាមកម្មវិធីអប់រំ៕ម.ន







