រថយន្ដធុនធំបុកកាមរីបាឡែនពេញទំហឹង រងរបួសធ្ងន់ម្នាក់
ភ្នំពេញ៖ រថយន្ដកាមរីបាឡែនមួយគ្រឿង ត្រូវបានរថយន្ដធំមិនចាំស្លាកលេខបើកបុកពីមុខពេញទំហឹងបណ្ដាលឲ្យកៃកុងរថយន្ដគៀបក្នុងរថយន្ដរងរបួសធ្ងន់ម្នាក់ ចំណែកឯរថយន្ដបង្កបើករត់គេចបាត់ស្រមោល។ ហេតុការណ៍ នេះកើតឡើងនៅវេលាម៉ោង១១ និង១០យប់ត្រូវថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅផ្លូវជាតិលេខ៣ នៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថា ពេលកើតហេតុគេឃើញរថយន្ដកាមរីបាឡែនពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2U-2157 បើកដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ពេលនោះក៏ មានរថយន្ដធំមួយគ្រឿងអត់ចាំស្លាកលេខបានធ្វើដំណើរពីទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនដូចគ្នា នៅពេលដែលដល់ចំណុចកើតហេតុក៏បានរេចង្កូតបុករថយន្ដកាមរីបាឡែនពីមុខពេញទំហឹង បណ្ដាលឲ្យតៃកុងរថយន្តបាឡែនគៀបជាប់នឹងរថយន្ដ រងរបួសធ្ងន់។ ក្រោយពេលកើតហេតុ រថយន្តបង្កបានបើកគេចខ្លួនបាត់ រួចហើយខាងកងពល711 បានមកជួយគាស់ទ្វារយកមនុស្សចេញពីរថយន្ដភ្លាមៗ ទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ ឯរថយន្ដសមត្ថកិច្ចមូលដ្ឋានបានធ្វើការវាស់វែងយកទៅរក្សាទុក រង់ចាំម្ចាស់រថយន្ដមកយកនៅពេលក្រោយ៕




