ព្រហ្មទណ្ឌកម្រិតស្រាលរាជធានី បង្ហាញមុខក្រុមប្លន់ប្រដាប់អាវុធចំនួន៧នាក់
ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខក្រុមប្លន់ប្រដាប់អាវុធចំនួន៧នាក់ ដែលជាមុខសញ្ញប្លន់យ៉ាងកក្រើកនៅក្នុងរាជធានីភ្នំពេញ មុនពេលបញ្ជូនខ្លួនទៅតុលាការ។

គួរំលឹកផងដែរថា ក្រុមជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលឃាត់ខ្លួនបានជាបន្តបន្ទាប់ នៅខណ្ឌច្បារអំពៅ និងខណ្ឌមានជ័យ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ក្រោយពេលក្រុមជនសង្ស័យវាយប្លន់យកម៉ូតូមួយគ្រឿងបានសម្រេចពីជនរងគ្រោះឈ្មោះ អ៊ុ ថន នៅវេលាម៉ោង២និង៣០នាទីយប់រំលងអាធ្រាត្រ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

បន្ទាប់ពីជនរងគ្រោះដាក់ពាក្យបណ្តឹង និងទទួលបានព័ត៌មាននេះភ្លាមលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដោយមានការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងបើកការស្រាវជ្រាវនិងកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន៧នាក់ ក្រោយពេលធ្វើសកម្មភាពប្លន់បានរយៈពេលតែមួយថ្ងៃ និងបញ្ជូនខ្លួនជនសង្ស័យទាំង៧នាក់ រួមនឹងអាវុធខ្លី១ដើម ម៉ូតូចំនួន៧គ្រឿងយកទៅសាកសួនៅការិយល័យព្រហ្មទណ្ឌកម្រិតស្រាលផងដែរ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឱ្យដឹងថាក្រុមគេពិតជាបានធ្វើសកម្មភាពប្លន់ម៉ូតូពីជនរងគ្រោះពិតប្រាកដមែន ទើបសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី៕ធ.ដ





