រដ្ឋមន្ត្រីទេសចរណ៍លើកទឹកចិត្តក្រុមគម្រោងចិត្តដូចគ្នាចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ប្រតិភូគម្រោងចិត្តដូចគ្នាដឹកនាំដោយលោកស្រី ងួន សូនី ជាប្រធានគម្រោងកាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងទេសចរណ៍ បានចូលជួបសម្តែងការគួរសមព្រមទាំងរាយការណ៍ជូនឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍អំពីគោលដៅសកម្មភាព ព្រមទាំងសុំការផ្តល់អនុសាសន៍ផងដែរ ពីឯកឧត្តមរដ្ឋមន្ត្រី។

លោកស្រីបានឲ្យដឹងថា គម្រោងចិត្តដូចគ្នាត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦ ដោយយុវជនស្មគ្រ័ចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រុមយូអិនអាយ និងក្រុមហ្គូហ្កល ខេមបូឌា។ លោកស្រីបញ្ជាក់ថា នៅឆ្នាំបង្កើតដំបូងគម្រោងចិត្តដូចគ្នា បានបង្កើតកម្មវិធីមួយគឺរត់ដើម្បីមនុស្សធម៌ ដែលត្រូវបានរៀបចំធ្វើនៅកោះពេជ្រ ដោយមានអ្នកចូលរួមប្រមាណជាង២០០០នាក់ ដើម្បីប្រមូលថវិកាជួយដល់អង្គការដ្រាម៉ាណា និងអង្គការផ្ទះ បាយកុមារ ។

លោកស្រីបន្តថា បន្ទាប់ពីកម្មវិធីទី១ទទួលបានជោគជ័យគម្រោងចិត្តដូចគ្នាបានរៀបចំកម្មវិធីមួយទៀតគឺកម្មវិធី « ដើម្បីសង្គមជាតិយើងអាចធ្វើបាន » ដែលផ្តល់ឱកាសដល់សិស្ស និស្សិតតាមវិទ្យាល័យ សាកលវិទ្យាល័យចូលរួមប្រកួតប្រជែងនូវគម្រោងដែលពួកគាត់បង្កើតឡើង ហើយកម្មវិធីនេះក៏ទទួលបានជោគជ័យផងដែរ។

លោកស្រី ងួន សូនី បានថ្លែងឲ្យដឹងថា កម្មវិធីទី៣គឺ « រត់ដើម្បីគ្រូ» ដើម្បីប្រមូលថវិកា ជួយដល់សមាគមបុគ្គលិកសិក្សាខ្មែរដែលប្រមូលប្តុំដោយលោកគ្រូអ្នកគ្រូដែលចូលនិវត្តន៍រួមទាំង លោកគ្រូអ្នកគ្រូផ្សេងទៀតដែលកំពុងបំពេញការងារខាងវិស័យអប់រំ។ លោកស្រីប្រធានក៏បានឲ្យដឹងដែរថា ចំពោះគម្រោងទី៤គឺកម្មវិធី « ដើម្បីសង្គមជាតិយើងអាចធ្វើបាន » រដូវកាលទី២ ដែលនឹងត្រូវរៀបចំធ្វើឡើងនៅពេលខាងមុខ។

ដូច្នេះទើបក្រុមយុវជនគម្រោងចិត្តដូចគ្នាបាន ស្នើសុំចូលសម្តែងការគួរសម និងសុំផ្តល់ការណែនាំនិងផ្តល់អនុស្សាសពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រោះថា រាល់កម្មវិធីដែលរៀបចំដោយគម្រោងចិត្តដូចគ្នាផ្តោតជាសំខាន់លើវិស័យទេសចរណ៍ ហើយទទួលបានការគាំទ្រនិងចូលរួមពីស្រទាប់យុវជនកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានសម្តែងនូវការគាំទ្រចំពោះរាល់កម្មវិធីជា បន្តបន្ទាប់របស់គម្រោងចិត្តតែមួយរបស់សហភាពសហព័ន្ធយុវជនកម្ពុជាដោយកម្មវិធីភាគច្រើន ផ្តោតលើវិស័យទេសចរណ៍។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ក្រុមយុវជនគម្រោងចិត្តតែមួយបន្ត ការងាររបស់ខ្លួនបន្តទៀត សំខាន់ចូលរួមឲ្យកាន់តែសកម្មការផ្សព្វផ្សាយអភិវឌ្ឍន៍វិស័យទេសចរណ៍។

ឯកឧត្តមបានថ្លែងថា កម្ពុជាមានតំបន់ទេសចរណ៍ជាច្រើន ហើយពោរពេញដោយសក្តានុពលសំខាន់ទេសចរណ៍វប្បធម៌ និងធម្មជាតិឬអេកូទេសចរណ៍ដែលយើងកំពុងតែខិតខំកែច្នៃ និងធ្វើយ៉ាងណាឲ្យតំបន់ទាំងនោះក្លាយជាតំបន់ទេសចរណ៍ដែលស្អាតនិងបៃតង។ ឯកឧត្តមថានឹងត្រូវឲ្យគម្រោងយកចិត្តទុកដាក់បន្ថែម អំពី smart tourism and smart city បន្ថែម ហើយបច្ចុប្បន្ននេះក្រៅពីគោលដៅទេសចរណ៍វប្បធម៌យើងក៏កំពុងតែខិតខំជំរុញគោលដៅអេកូទេសចរណ៍ថែមទៀត។

ឯកឧត្តមបានរម្លឹកថា បច្ចុប្បន្ននេះនៅលើពិភពលោកភ្ញៀវទេសចរណ៍ប្រមាណជាង៥០% ចូលចិត្តតំបន់ទេសចរណ៍វប្បធម៌ ខណដែលប្រមាណជាង៣០%ចូលចិត្តចំពោះទេសចរណ៍ធម្មជាតិ ឬអេកូទេសចរណ៍ក្នុងពេលដែលប្រទេសកម្ពុជាយើងក៏មានសក្តានុពលខ្លាំងលើអេកូទេសចរណ៍នេះផងដែរ ។

ទន្ទឹមនោះយើងក៏កំពុងអភិវឌ្ឍន៍គោលដៅទេសចរណ៍ជាច្រើន ដើម្បីប្រែក្លាយតំបន់នោះ ឲ្យទៅជាតំបន់ទេសចរណ៍សំខាន់ និងទាក់ទាញបំផុតដូចជាគោលដៅទេសចរណ៍នៅភូមិភាគឥសាន្ត តំបន់និរតី និងតំបន់ខាងជើងប្រទេសជាដើម ដែលសុទ្ធសឹងជាតំបន់ដែលប្រកបដោយ សក្តានុពលខ្ពស់ខាងវិស័យទេសចរណ៍។ ដូច្នេះ ឯកឧត្តមអំពាវនាវដល់ស្រទាប់យុវជន សំខាន់យុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាចូលរួមអភិរក្ស ផ្សព្វផ្សាយនិងអភិវឌ្ឍន៍តំបន់ទេស ចរណ៍នៅទូទាំងប្រទេស សំដៅទាក់ទាញភ្ញៀវទេសចរណ៍មកកាន់កម្ពុជាកាន់តែច្រើនថែមទៀត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner