អាវុធហត្ថរាជធានីបញ្ជូនជនសង្ស័យ២នាក់ ករណីទទួលផលចោរកម្ម ទៅតុលាការ
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធតហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីទទួលផលចោរកម្ម។
ប្រភពពីសមត្ថកិច្ចបានរម្លឹកឲ្យដឹងថា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ ឈ្មោះ សេង ចិត្រ្តា ដែលជាជនរងគ្រោះ បានបាត់រថយន្ត១គ្រឿង ម៉ាក TOYOTA MATRIX ពណ៌ទឹកមាស ស៊េរីឆ្នាំ២០០៣ ពាក់ស្លាកលេខ ភ្នំពេញ 2AF-2402 ដោយបានចតទុកក្រោមសំយ៉ាបផ្ទះ ហើយមិនបានយកប័ណ្ណសម្គាល់រថយន្ត ប័ណ្ណបើកបរ និងសោចេញពីរថយន្តនោះទេ ហើយបានចូលទៅក្នុងផ្ទះសម្រាកធម្មតា។ ក្រោយពេលភ្ញាក់ពីដំណេក ទើបជនរងគ្រោះដឹងថា រថយន្តខ្លួនត្រូវបានចោរលួចបាត់។ លុះដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង២៖០០នាទី ជនរងគ្រោះបានឃើញរថយន្តរបស់ខ្លួន នៅផ្លូវ១៨២ កែងផ្លូវ២៥៧ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានជនសង្ស័យ២នាក់ កំពុងបើក ក៏ប្តឹងសមត្ថកិច្ចអាវុធហត្ថមូលដ្ឋានខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនភ្លាមៗ។ ជនសង្ស័យទី១)ឈ្មោះ ហ៊ន ហាក់ ភេទប្រុស អាយុ ៣៦ឆ្នាំ និងទី២)ឈ្មោះ គ្រៀល ថុន ភេទប្រុស អាយុ៣៩ឆ្នាំ។
ក្រោមវិធានការសាកសួររបស់មន្ត្រីសមត្ថកិច្ចជំនាញ ពួកគេបានសារភាពឲ្យដឹងថា មុនសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួន ឈ្មោះ ហ៊ន ហាក់ បានចូលលេងល្បែងស៊ីសងនៅណាហ្កាវើល ហើយបានជួបបុរសម្នាក់ អាយុប្រហែល៣០ឆ្នាំ ដែលកំពុងលេងល្បែងនៅណាហ្កាដូចគ្នា។ បន្ទាប់មករូបគេទាំង២នាក់ បានយករថយន្ត១គ្រឿង ម៉ាក TOYOTA MATRIX ពណ៍ទឹកមាស ស៊េរីឆ្នាំ២០០៣ ស្លាកលេខ ភ្នំពេញ 2AF-2402 ទៅដាក់បញ្ចាំ នៅហាងបញ្ចាំមួយកន្លែង មានទីតាំងនៅផ្លូវ១៨៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បានប្រាក់១ពាន់ដុល្លារអាម៉េរិក ហើយបុរសនោះបានឲ្យប្រាក់មកខ្លួន៥០ដុល្លារអាមេរិក។ បន្ទាប់មកបុរសនោះ ទូរសព្ទឲ្យរូបខ្លួនយកប្រាក់៥០០ដុល្លាតអាម៉េរិក បន្ថែមទៀត តែរូបខ្លួនបានប្រាប់ថាទាល់តែលួសរថយន្តនោះហើយទៅបញ្ចាំកន្លែងផ្សេងទើបបាន។ មួយសន្ទុះ ក្រោយមកស្រាប់តែមានបុរស២នាក់ ជិះម៉ូតូឌុបយកលុយមកឲ្យខ្លួន ១,១០០ដុល្លារអាម៉េរិក ដើម្បីលួសយករថយន្តនោះមកវិញ។ ក្រោយពេលលួសរថយន្តនោះបាន រូបគេ និងឈ្មោះ គ្រៀល ថុន បានជិះរថយន្តនោះទៅហាងបញ្ចាំមួយកន្លែងទៀត លុះដល់ចំណុចផ្លូវលេខ២៥៧ កែងផ្លូវ១៨៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រូបគេទាំង២នាក់ ក៏ត្រូវកម្លាំងសមត្ថកិច្ចអាវុធហត្ថខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនតែម្តង៕ម.ន


