អភិបាលខណ្ឌឫស្សីកែវ ដាស់តឿនមន្ត្រីឲ្យរៀបចំរចនាសម្ព័ន្ធឡើងវិញ ដើម្បីអនុវត្តន៍ការងារឲ្យមានប្រសិទ្ធភាព
ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានដាស់តឿនទៅមន្ត្រីឲ្យរាយការណ៍ជាបន្ទាន់ភ្លាមៗ រាល់សកម្មភាពទាំងឡាយ មកកាន់នាយក ឬនាយករងរដ្ឋបាល ដែលជាសេនាធិការ ឲ្យគណៈអភិបាលខណ្ឌ ដើម្បីមានវិធានការរៀបចំទាន់ពេល ព្រោះការតែងតាំង ឬផ្ទេរភាកិច្ចមន្ត្រី ដែលចំណុះរដ្ឋបាលខណ្ឌទាំងអស់ គឺត្រូវបានអនុវត្តឡើងមិនមែនអាចធ្វើទៅបាន តាមតែការនឹកឃើញ ដោយគ្មានការស្នើ ឬឯកភាពពីគណៈអភិបាលខណ្ឌនោះឡើយ។ ការគូសបញ្ជាក់របស់លោក ធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងកិច្ចប្រជំគណៈបញ្ជាការឯកភាពខណ្ឌ ដោយមានការអញ្ជើញពីអភិបាលរងខណ្ឌ នាយក នាយករងរដ្ឋបាលខណ្ឌ ប្រធានតាមបណ្ដាការិយាល័យជំនាញខណ្ឌ មេបញ្ជាការរង អធិការរង តំណាងមេបញ្ជាការ និងអធិការខណ្ឌ និងប្រធានសណ្ដាប់ធ្នាប់ខណ្ឌ ជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងកិច្ចប្រជុំនេះ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌបានថ្លែងថា រយៈពេលកន្លងមកនេះទាំងការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ ល្បែងស៊ីសង និងបញ្ហាគ្រឿងញៀន ដែលជាកត្តាប្រឈមក្នុងការអនុវត្តទប់ស្កាត់ បង្កាបង្ក្រាបជាប្រចាំ ឃើញថាមិនទាន់មានភាពល្អប្រសើរឡើយ ព្រោះក្នុងករណីអភិបាលរងខណ្ឌ មានការងារច្រើនបន្ទាន់ អវត្តមានលើការដឹកនាំកិច្ចប្រជុំ ឬដឹកនាំប្រតិបត្តិការផ្សេងៗក្ដី តំណាងឲ្យអភិបាលខណ្ឌ ចាំបាច់ណាស់ទាមទារឲ្យមានត្រឹមនាយករងរដ្ឋបាលខណ្ឌ ជាអ្នកដឹកនាំប្រសិនជានាយករដ្ឋបាលខណ្ឌ ដែលជាសេនាធិការឲ្យគណៈអភិបាលខណ្ឌអវត្តមាន ដោយប្រការណាមួយ ដើម្បីពង្រឹងឡើងវិញលើការរៀបចំសេនាឌីយោឲ្យកាន់តែរឹងមាំជាងមុនបន្ថែមទៀត។
តាមការឯកភាពលើកឡើងរបស់លោកអភិបាលរងខណ្ឌ លោក ជា ពិសី បានសង្កត់ធ្ងន់ៗថា ចាប់ពីពេលនេះតទៅចំពោះផែនការទាំងឡាយ ត្រូវដាក់ចេញជាកាលវិភាគជាប្រចាំ ក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាព លើគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ក្នុងមួយសប្ដាហ៍ត្រូវធ្វើពីរដង ទាំងក្នុងកិច្ចជាមួយអាជ្ញាធរសង្កាត់ ដើម្បីដោះស្រាយរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ ទប់ស្កាត់ បង្ការបង្ក្រាបជាប្រចាំ រាល់បទល្មើសល្បែងស៊ីសង និងបញ្ហាគ្រឿងញៀន ដែលជាកត្តាប្រឈមសម្រាប់សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ លោកបានបន្តថា ក្រៅពីបញ្ហាខាងលើ ដែលត្រូវរួមគ្នាដោះស្រាយជាបន្តបន្ទាប់ សូមឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ងាកមកចាប់អារម្មណ៍ជាមួយបញ្ហាសេវាតម្រូវការ ឬជាសេវាលើការផ្ដល់សៀវគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណ្ណប័ណ្ណ ឲ្យកាន់តែមានទំនុកចិត្តជឿជាក់ និងស្ងើចសរសើរពីសំណាក់ប្រជាពលរដ្ឋមកកាន់អាជ្ញាធរ។
ជាចុងក្រោយលោក ជា ពិសី បានគូសបញ្ជាក់ថា ពេលដែលឃើញរាល់គ្រប់សកម្មភាពនៃការផុសផ្សាយទាំងឡាយផ្ទាល់លើហ្វេសប៊ុកផេករបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មន្ត្រីទាំងអស់គួរតែនាំគ្នា Like និង Share ភ្លាមៗឲ្យបានច្រើន ព្រោះគ្មានត្រូវចំណាយពេលច្រើន ក្នុងការធ្វើនោះទេ សម្រាប់អ្នកប្រើប្រាស់ទូរសព្ទស្មាតហ្វូននាសម័យនេះ៕ម.ន





