ការិយាល័យសុវត្តិភាពចំណីអាហារ ក្រសួងសុខាភិបាលបានបង្ហាញថា៖ ក្នុងរយៈពេល៣កន្លងទៅនេះ មានមនុស្ស៥៤នាក់ បានស្លាប់ ក្នុងករណីយពុលចំណីអាហារចំនួន៩១លើក
តាមរបាយការណ៍របស់ការិយាល័យសុវត្តិភាពចំណីអាហារ នៃនាយកដ្ឋានឳសថចំណីអាហារ បរិក្ខាពេទ្យនិងគ្រឿងសំអាង នៃក្រសួងសុខាភិបាលបានបង្ហាញថា ចាប់តាំងពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ មានមនុស្ស៥៤នាក់ បានស្លាប់ក្នុងករណីយពុលចំណីអាហារចំនួន៩១លើក ក្នុងនោះក៍មានអ្នករងគ្រោះប្រមាណជិត៤ពាន់នាក់ដែរ។

នេះបើតាមការបញ្ជាក់ពីលោក អាង ហុកស្រ៊ុន ប្រធានការិយាល័យសុវត្តិភាពចំណីអាហារ នៃនាយកដ្ឋានឳសថចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសំអាងនៃក្រសួងសុខាភិបាល ថ្លែងក្នុងសិក្ខាសាលាស្ដីពីការពុលចំណីអាហារ និងវិធានការការពារ ដែលរៀបចំឡើងដោយមូលនិធិអៀង នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន (CJCC) ។

លោកអាង ហុកស្រ៊ុន បានបញ្ជាក់បន្ថែមទៀតថា៖ ជាការពិតមនុស្សគ្រប់រូបត្រូវការបរិភោគចំណីអាហារដើម្បីទ្រទ្រង់សុខភាព និងអាយុជីវិត ប៉ុន្ដែក៍មានផលប៉ះពាល់ដែលកើតឡើងចំពោះចំណីអាហារដែលមិនមាន សុវត្តិភាពដែរ គឺបណ្ដាលឲ្យកើតមានជម្ងឺរាគ ក្អួត អាលែកស៊ី ឬបញ្ហារផ្សេងៗទៀត ដែលបណ្ដាលមកពីកង្វះអនាម័យដូចជាការចម្អិនទឹកមិនបានឆ្អិនល្អ ការប្រើប្រាស់វត្ថុធាតុដើម ឆ្លងតាមរយៈសម្ភារៈប្រើប្រាស់ជាដើម ដូច្នេះប្រសិនបើចំណីអាហារណាដែលយើងបរិភោគមិនគិតគូត្រឹមត្រូវ វាអាចប្រឈមទៅនិងជម្ងឺទៅថ្ងៃអនាគត វាអាចក្លាយទៅជាជម្ងឺមហារីក។ ក្នុងន័យយនេះពលរដ្ឋខ្មែរគ្រប់រូបគប្បីស្វែងយល់ ពីរបៀបការទុកដាក់ និងការការពារចំណីអាហារ ឲ្យបានត្រឹមត្រូវជៀសវាងការបង្ករផលប៉ះពាល់ដល់សុខភាពនិងអាយុជីវិតគ្រួសារ។

គួរបញ្ជាក់ថា បើតាមរបាយការរបស់ក្រសួងពាណិជ្ជកម្ម កាលពីឆ្នាំ២០១៨កន្លមក ស្ថាប័នមួយនេះបានរកឃើញនិងរឹបអូសយកមកកំទេចចោលនូវផលិតផល ម្ហូបអាហារ និងមិនមែនម្ហូបអាហារ ដែលមិនអនុលោមផ្នែកគុណភាព សុវត្តិភាពរហូតដល់ទៅចំនួន៤៩តោន៕




