រុស្ស៊ីអំពាវនាវឲ្យសហរដ្ឋអាម៉េរិកបំផ្លាញមីស៊ីល Tomahawk និងយន្ដហោះដ្រូនប្រយុទ្ធ ដើម្បីអនុវត្តសន្ធិសញ្ញានុយក្លេអ៊ែរឡើងវិញ
រុស្ស៊ី៖ នៅក្នុងកំណត់ទូតមួយ ដែលប្រគល់ឱ្យមន្រ្តីទូតអាម៉េរិកប្រចាំទីក្រុងម៉ូស្គូ នៅក្នុងសប្តាហ៍នេះ ក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនបានរំលោភលើសិទ្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម INF អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

នៅក្នុងកំណត់ទូតដដែលនេះ ក្រសួងការពារជាតិរុស្ស៊ីថែមទាំងបានធ្វើការជំរុញឲ្យសហរដ្ឋអាម៉េរិកបំផ្លាញមីស៊ីល Tomahawk និងយន្តហោះដ្រូនប្រយុទ្ធទាំងអស់របស់ខ្លួន ដើម្បីជាការអនុវត្តឱ្យស្របទៅតាមសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម INF។

សូមរំលឹកឡើងវិញថា ប្រមុខការទូតអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ កាលពីដើមខែកុម្ភៈកន្លងទៅ បានប្រកាសថា សហរដ្ឋអាម៉េរិកបានចាប់ផ្ដើមនិតិវិធីដកខ្លួនចេញពីសន្ធិសញ្ញា INF ដែលបានចុះហត្ថលេខាជាមួយអតីតសហភាពសូវៀតកាលពីឆ្នាំ១៩៨៧ ហើយថា ប្រទេសរបស់លោកអាចនឹងលុបចោលការសម្រេចចិត្តដកខ្លួននេះ បើរុស្ស៊ីមិនត្រឡប់មករកការអនុវត្តតាមសន្ធិសញ្ញានេះវិញ ក្នុងរយៈពេល១៨០ថ្ងៃ៕ធ.ដ



