សហរដ្ឋអាម៉េរិក និងក្រុមតាលីបង់ ព្រមព្រៀងគ្នាពន្លត់ភ្លើងសង្គ្រាមរយៈពេល១៧ឆ្នាំ នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន

អាហ្វហ្កានីស្ថាន៖ តំណាងក្រុមតាលីបង់បាននិយាយថា ក្រុមអ្នកចរចាអាម៉េរិកនៅថ្ងៃសៅរ៍ សប្តាហ៍មុននេះ បានព្រមព្រៀងលើសេចក្តីព្រាងសន្តិភាពមួយ ដែលមានគោលបំណងដកកងទ័ពបរទេសចេញពីទឹកដីប្រទេសអាហ្វហ្កានីស្ថានក្នុងរយៈពេល១៨ខែ ដែលចំណាត់ការនេះ គឺជាសក្តានុពលបញ្ចប់ភ្លើងសង្គ្រាមដ៏រុំារ៉ៃកន្លងមកនោះ។

ព័ត៌មានលម្អិតនៃសេចក្តីព្រាងនេះ ត្រូវបានផ្តល់ឱ្យដោយសារព័ត៌មាន រ៉យទ័រ ដោយដកស្រង់ប្រភពពីក្រុមតាលីបង់ ដែលបានបញ្ចប់កិច្ចចរចាគ្នាក្នុងរយៈពេល៦ថ្ងៃកន្លងមកនេះ ជាមួយនឹងបេសកជនពិសេសទទួលបន្ទុកកិច្ចការសន្តិភាពលោក ហ្សាល់ម៉េ ខាលីហ្ស៊ាដ នៅប្រទេសកាតា ក្នុងគោលបំណងពន្លត់ភ្លើងសង្គ្រាម ដែលបានអូសបន្លាយពេលជាង១៧ឆ្នាំកន្លងមក ចាប់តាំងពីកងកម្លាំងដឹកនាំដោយអាម៉េរិក បានចូលលុកលុយប្រទេសអាហ្វហ្កានីស្ថាន។

បើទោះបីជាមិនមានការចេញសេចក្តីថ្លែងការណ៍ក៏ដោយ ប៉ុន្តែលោក ខាលីហ្ស៊ាដ បានសរសេរសារបង្ហោះតាមបណ្តាញសង្គម ធ្វីតធើ ថា កិច្ចចរចាបានធ្វើឱ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយនឹងបន្តឡើងវិញក្នុងពេលឆាប់ៗនេះ ដោយបន្ថែមថា រូបលោកគ្រោងនឹងធ្វើដំណើរទៅកាន់អាហ្វហ្កានីស្ថាន ដើម្បីជួបមន្ត្រីរដ្ឋាភិបាលប្រទេសនេះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner