ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករាលើកទី១៩ ដែលខេត្តពោធិ៍សាត់ធ្វើម្ចាស់ផ្ទះកីឡាករការិនីចូលរួមមានចំនួនកើនឡើង

អត្ថបទដោយ៖
ហេង វណ្ណា

ឯកឧត្តមឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជាបានបញ្ជាក់ឲ្យដឹងក្រោយបញ្ចប់ការចាប់ឆ្នោត នារសៀលថ្ងៃ ទី១៨ មករានេះថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករា លើកទី១៩ ដែលសហព័ន្ធកីឡាវាយសីសហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ដែលដំណើរការប្រកួតផ្លូវការនៅថ្ងៃទី១៩ ស្អែកនេះ មានក្លិបចូលរួមប្រជែងចំនួន១២ សរុបកីឡាករការិនី១៣៦នាក់ ដែលចំនួននេះ គឺមានការកើនឡើងជាងឆ្នាំកន្លងទៅ។ អគ្គលេខាធិការរងរូបនេះបញ្ជាក់ទៀតថា ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ខាងលើ សហព័ន្ធកីឡាវាយសីកម្ពុជារៀបចំឡើង ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ក្នុងគោលបំណង ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ទិវាជ័យជម្នះ៧មករា ១៩៧៩ ដែលជាប្រវត្តិសាស្រ្តរបស់កម្ពុជា រំដោះប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ ឯកឧត្តមអះអាងថា ក្រៅពីអបអរទិវាដ៏មានអត្ថន័យនេះ តាមរយៈព្រឹត្តិការណ៍ប្រកួតនេះដែរ ក៏ជាការបំផុសឲ្យយុវជនកម្ពុជា និងអាណាព្យាបាលយល់ច្បាស់ពីវិស័យកីឡាវាយសី ហើយដឹកនាំកូនៗចូលរួមលេងកីឡាវាយសី ដើម្បីបញ្ជៀសឲ្យយុវជនជៀសឆ្ងាយពីគ្រឿងញៀន និងអំពើរអប្បាយមុខផ្សេងៗដែលសង្គមកំពុងតែព្រួយបារម្ភ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាវាយសី ដណ្តើមពានរង្វាន់៧មករា លើកទី១៩ ឆ្នាំ២០១៩  សហព័ន្ធកីឡាវាយសីកម្ពុជាបានដាក់វិញ្ញាសាឲ្យកីឡាករការិនីធ្វើការប្រកួតប្រជែងចំនួន៧ គឺវិញ្ញាសាប្រកួតវាយគូរបុរសអាយុ១៩ឆ្នាំឡើង វិញ្ញាសាប្រកួតវាយគូរបុរសក្រោមអាយុ១៨ឆ្នាំ វិញ្ញាសាប្រកួតវាយគូរបុរសអាយុក្រោម១៦ វិញ្ញាសាប្រកួតវាយគូរនារីមិនគិតអាយុ វិញ្ញាសាប្រកួតវាយគូរពីសេសអាយុ៣៣ឆ្នាំឡើង និង៥០ឆ្នាំឡើង វិញ្ញាសាវាយគូរវ័យចំណាស់អាយុ៥០ឆ្នាំឡើង និងវិញ្ញាសាវាយគូរបុរសអាយុ៤០ឆ្នាំដល់៤៩ឆ្នាំ៕ម.ន

 

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner