លោក ប៊ុត ម៉ក់ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តបាត់ដំបងថ្មី ជំនួសលោក អៀ វ៉ាន់នី ដែលត្រូវចូលនិវត្តន៍

រដ្ឋបាលខេត្តបាត់ដំបង និងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានរៀបចំពិធីប្រកាសតែងតាំងលោក ប៊ុត ម៉ក់ ដើម្បីចូលកាន់នូវមុខតំណែងប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធ សភា និងអធិការកិច្ចខេត្តបាត់ដំបងថ្មី ជំនួសលោក អៀ វ៉ាន់នី ប្រធានមន្ទីរចាស់ ដែលត្រូវចូលនីវត្តន៍។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ និងជាតំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងឯកឧត្តម ប៊ុត គឹមស៊ាន អភិបាលរងខេត្ត តំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង។

លោក ប៊ុត ម៉ក់ ដែលឡើងកាន់តំណែងថ្មីនេះ ត្រូវបានទទួលការយកចិត្តទុកដាក់ និងវាយតម្លៃពីថ្នាក់ដឹកនាំនៃក្រសួងផ្ទាល់ ពិសេសពីលោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន លើការពិនិត្យលក្ខណៈសម្បត្តិ និងពីសមត្ថភាពពេញលេញ ដើម្បីឲ្យមកបំពេញបេសកម្មការងារជាមួយអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ និងបម្រើប្រជាជនដោយស្មោះត្រង់ នៅក្នុងមុខតំណែងថ្មី ជាប្រធានមន្ទីរ និងទទួលភារកិច្ចដឹកនាំគ្រប់គ្រង សម្របសម្រួលលើគ្រប់វិស័យ ទប់ស្កាត់អំពើពុករលួយ ភាពអយុត្តិធម៌ក្នុងសង្គម និងការពារសិទិ្ធរបស់ពលរដ្ឋ។ ពោលគឺពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន និងឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ បានជំរុញឲ្យប្រធានមន្ទីរថ្មី ត្រូវខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារចំពោះមុខរបស់ខ្លួន ប្រកបដោយសីលធម៌ស្អាតស្អំ មានតម្លាភាព មានការទទួលខុសត្រូវខ្ពស់ ឈរលើគោលជំហរ យកច្បាប់ជាធំ មានជំហរទន់ភ្លន់តែម៉ឺងម៉ាត់។

យកចិត្តទកដាក់ក្នុងក្នុងការបម្រើសេវាសាធារណៈឲ្យកាន់តែល្អ និងកាន់តែមានប្រសិទ្ធភាព ត្រូវមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយថ្នាក់ដឹកនៃរដ្ឋបាលខេត្ត បណ្តាស្ថាប័នមន្ទីរ អង្គភាពជុំវិញ និងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងត្រូវខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ជាពិសេស ក្នុងការអនុវត្តតួនាទី ជាមួយនឹងការគោរពនូវអភិក្រមទាំង៥ គឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់៕ ម.ន

ដោយៈ អ៊ុក សំអាន

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner