សមាជិកសភាបក្សប្រជាធិបតេយ្យ៧រូប ជួបជាមួយលោក ដូណាល់ ត្រាំ ជុំវិញបញ្ហាបិទរដ្ឋាភិបាលអាម៉េរិក
សហរដ្ឋអាម៉េរិក៖ មួយថ្ងៃបន្ទាប់ពីតំណាងរាស្រ្តមកពីគណបក្សប្រជាធិបតេយ្យរបស់សភាអាម៉េរិកបានបដិសេធមិនជួបជាមួយលោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់ការបិទរដ្ឋាភិបាលនោះ យ៉ាងហោចណាស់មានអ្នកប្រជាធិបតេយ្យក្នុងសភា៧រូបផងដែរ បានចូលរួមក្នុងកិច្ចប្រជុំនៅសេតវិមាន ក្នុងគោលបំណងបើករដ្ឋាភិបាល ដែលត្រូវបានបិទផ្នែកមួយចំនួនអស់រយៈពេលជាងបីសប្តាហ៍មកនេះ។

សារព័ត៌មាន CNN នៅថ្ងៃព្រហស្បត្តិ៍នេះ បានរាយការណ៍ថា តំណាងរាស្រ្តបក្សប្រជាធិបតេយ្យមកពីរដ្ឋ New Jersey , New York , Texas , Minnesota និង រដ្ឋ Virginia ផងនោះ បានចូលរួមប្រជុំនៅសេតវិមាន ដោយសមាជិកសភាទាំង៧រូបនេះ មិនមែនជាផ្នែកមួយនៃការដឹកនាំរបស់គណកប្សប្រជាធិបតេយ្យ ដែលបានដឹកនាំការចរចារបស់សភា ហើយជាសមាជិកសភាធម្មតា ដែលភាគច្រើនជាអ្នក ប្រកាន់យកផ្លូវកណ្តាល។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កំពុងតែព្យាយាមដើម្បីធ្វើឱ្យគណបក្សប្រជាធិបតេយ្យក្នុងសភាអាម៉េរិកយល់ព្រម ដើម្បីលោកទទួលបានថវិកាចំនួន៥ពាន់លានដុល្លារបន្ថែមទៀត សម្រាប់ការសន្យាដែលបានចុះហត្ថលេខាក្នុងយុទ្ធនាការរបស់លោក អំពីការសាងសង់ជញ្ជាំងនៅតាមបណ្តោយព្រំដែនអាម៉េរិក-ម៉ិកស៊ិក។

មេដឹកនាំប្រជាធិបតេយ្យមិនបានយល់ព្រមលើបញ្ហានេះទេដោយនាំឱ្យអ្នកចរចារបស់សេតវិមាន ព្យាយាមកំណត់គោលដៅសមាជិក ប្រកាន់យកផ្លូវកណ្តាល ដើម្បីដាក់សម្ពាធលើប្រធានសភាជាតិ លោកស្រី Nancy Pelosi និងមេដឹកនាំសំឡេងភាគតិចក្នុងសភា គឺលោក Chuck Schumer៕

