ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់រាយការណ៍ថា ហេតុការណ៍ធ្លាក់យន្តហោះ ប៊ូអ៊ីង៧០៧ នៅក្បែរទីក្រុតេហេរ៉ង់ ផ្តាច់ជីវិតមនុស្ស៧នាក់
អ៊ីរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយ អាយ អរ អិន អេ (IRNA) របស់អ៊ីរ៉ង់ បានឱ្យដឹងថា ជនរងគ្រោះ៧នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់យន្ដហោះដឹកជញ្ជូន ប្រភេទ ប៊ូអ៊ីង ៧០៧ នៅឯទីក្រុងខារ៉ាច ស្ថិតនៅភាគឦសានប្រទេសអ៊ីរ៉ង់ ក្បែររដ្ឋធានីតេហេរ៉ង់ ដោយវាបានបុកចំផ្ទះប្រជាជនមួយខ្នង។

ប្រភពដដែលបានឱ្យដឹងទៀតថា យន្ដហោះខាងមានផ្ទុកមនុស្ស១៦នាក់ និងទំនិញជាច្រើនបានធ្លាក់ចំតំបន់ទីប្រជុំជនមួយកន្លែង ចម្ងាយ៤៥គីឡូម៉ែត្រពីទីក្រុងតេហេរ៉ង់។ យន្ដហោះនេះដែរ បានធ្វើដំណើរចាកចេញពីទីក្រុង ប៊ីសខិក ប្រទេសកៀហ្ស៊ីស៊ីស្ថាន ក្នុងគោលបំណងដឹកសាច់រាប់តោនទៅកាន់ប្រទេសអ៊ីរ៉ង់ ហើយវាគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន អាកាសចរណ៍កៀហ្ស៊ី។

គួរជម្រាបថា កាលពីដំបូងឡើយយន្ដហោះខាងលើ ត្រូវបានគេរាយការណ៍ថា មានផ្ទុកមនុស្សតែ១០នាក់ប៉ុណ្ណោះ។ ដោយឡែកសម្រាប់មនុស្ស៩នាក់ទៀតវិញនោះ គឺម្នាក់ជាវិស្វករយន្តហោះ ត្រូវបានគេអះអាងថា នៅមានជីវិតតែស្ថិតក្នុងស្ថានភាពរបួសធ្ងន់ ខណៈអាជ្ញាធរអ៊ីរ៉ង់សន្មតជាបឋមថា អាកាសធាតុអាក្រក់អាចជាមូលហេតុនៃគ្រោះថ្នាក់ធ្លាក់យន្ដហោះនេះ។ ចំណែកមនុស្សទាំង៨នាក់ទៀត កំពុងស្ថិតនៅក្នុងការតាមរកនៅឡើយ ជាមួយនឹងការពិនិត្យផ្ទះរបស់ប្រជាជន ដែលត្រូវបានយន្តហោះបុកចំផងដែរ ក្រែងលោមានមនុស្សរងគ្រោះបន្ថែមទៀត៕

