យន្តហោះមានផ្ទុកទំនិញ និងមនុស្ស១០នាក់មួយគ្រឿង ជួបគ្រោះថ្នាក់ធ្លាក់នៅព្រលានយន្តហោះប្រទេសអ៊ីរ៉ង់
អត្ថបទដោយ៖
Kien Sereyvuth
អ៊ីរ៉ង់៖ យោងតាមប្រភពរបស់អាជ្ញាធរអ៊ីរ៉ង់ បានរាយការណ៍នៅថ្ងៃច័ន្ទនេះថា យន្ដហោះដឹកជញ្ជូនប្រភេទ ប៊ូអ៊ីង ៧០៧ មួយគ្រឿង ដែលបានធ្លាក់នៅក្បែរអាកាសយានដ្ឋាន ខារ៉ាច ស្ថិតនៅភាគខាងលិចរដ្ឋធានីតេហេរ៉ង់នោះ មានផ្ទុកមនុស្សសរុប១០នាក់ និងទំនិញជាច្រើន។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ យន្ដហោះមួយគ្រឿងនេះ បានធ្វើដំណើរចាកចេញពីទីក្រុង ប៊ីសខិក ប្រទេស កៀហ្ស៊ីស៊ីស្ថាន ដោយផ្ទុកមនុស្ស១០នាក់ និងទំនិញជាច្រើនទៀត។ ប៉ុន្តែយន្ដហោះដឹកជញ្ជូនប្រភេទ ប៊ូអ៊ីង ៧០៧ នេះ ស្រាប់តែធ្លាក់នៅពេលហោះហើរជិតដល់អាកាសយានដ្ឋាន ខារ៉ាច ហើយបានជ្រុលទៅបុកជញ្ជាំងព្រលានយន្ដហោះ។

មកទល់នឹងពេលនេះ នៅពុំទាន់មានសេចក្ដីរាយការណ៍អំពីមូលហេតុធ្លាក់ និងជោគវាសនារបស់មនុស្សទាំង១០នាក់ ដែលជិះនៅលើយន្ដហោះនោះ នៅឡើយទេ ខណៈក្រុមជួយសង្គ្រោះបាននឹងកំពុងបំពេញការងារនៅហ្នឹងកន្លែងកើតហេតុ៕



