ឯកឧត្តម ប៉ា សុជាតិវង្ស៖ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម គឺកាន់តែបង្កើនកិច្ចសហប្រតិបត្តិការ និងភាពជិតស្និទ្ធរវាងគណបក្សនៃប្រទេសទាំងពីរ

ភ្នំពេញ៖ ឯកឧត្តមប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណប្រតិភូគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម គឺកាន់តែបង្កើនកិច្ចសហប្រតិបត្តិការ និងភាពជិតស្និទ្ធរវាងគណបក្សនៃប្រទេសទាំង២។ នេះជាប្រសាសន៍លើកឡើងក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។

ឯកឧត្តម ប៉ា សុជាតិវង្ស មានប្រសាសន៍បន្ថែមថា ជាមួយនឹងវត្តមានក្នុងការមកអញ្ជើញទសន្សកិច្ច គឺស្របពេលដែលកម្ពុជាកំពុងអបអរសាទរយ៉ាងក្លៀវក្លានៃខួប៤០ឆ្នាំ ទិវាជ័យជម្នះ៧មករា១៩៧៩-២០១៩ ដោយទទួលបានការគាំទ្រពេញទំហឹង ពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេស និងបានចាត់ទុកថាជាថ្ងៃកំណើតទី២ របស់យើងទាំងអស់គ្នា។ ជាមួយគ្នានេះ ឯកឧត្តមប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមជួយរបស់កងទ័ពវៀតណាមក្នុងដំណាក់កាលនោះ ដែលធ្វើឱ្យកម្ពុជាមានព្រឹត្តិការណ៍ធំ និងអស្ចារ្យដូចបច្ចុប្បន្ននេះ។

ឯកឧត្តម ត្រឹន កឹមទូ លេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមបក្ស បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រមុខដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស គឺបានធ្វើឱ្យប្រទេសកម្ពុជាប្រែមុខមាត់ថ្មី មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដោយក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមបានមើលឃើញប្រទេសកម្ពុជា មានការវិវឌ្ឍយ៉ាងជឿនលឿន។ មិនតែប៉ុណ្ណោះ គណបក្សនៃប្រទេសទាំង២ បានផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាទៅវិញទៅមក ដើម្បីភាពរីកចម្រើន និងជោគជ័យ សំដៅធ្វើយ៉ាងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត៕ម.ន

 

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner