អាកាសយានដ្ឋានទី២នៅចក្រភពអង់គ្លេស ត្រូវផ្អាកការហោះហើរ ដោយសារការរំខានពីយន្តហោះគ្មានមនុស្សបើក ឬ Drone

អង់គ្លេស៖ បន្ទាប់ពីអាកាសយានដ្ឋាន Gatwick ធ្វើឲ្យជើងហោះហើរដល់ទៅ៧០០ជើងត្រូវពន្យារពេល និងអ្នកដំណើរជាង១៤ម៉ឺននាក់ជាប់គាំង បណ្តាលមកពីយន្តហោះគ្មានមនុស្សបើក (Drone) នោះ នៅពេលនេះដែរ អាកាសយានដ្ឋានដ៏មមាញឹកបំផុតនៅអឺរ៉ុបនេះ បន្តផ្អាកហោះហើរមួយទៀតដោយសារតែ UAV។

អាកាសយានដ្ឋានអន្តរជាតិ Heathrow ក្នុងទីក្រុងឡុដ៍ បានបន្តផ្អាកហោះហើរ ក្នុងរយៈពេលជាង១ម៉ោង ក្រោយពេលប្រទះឃើញយន្តហោះគ្មានមនុស្សបើក (Drone) នៅក្នុងអាកាសយានដ្ឋាន ខណៈកាលពី៣សប្តាហ៍កន្លងមក ក៏មានសកម្មភាពដូចគ្នានេះ កើតឡើងនៅក្នុងអាកាសយានដ្ឋាន Gatwick ផងដែរ។

បើតាមការបញ្ជាក់ពីក្រុមអ្នកគ្រប់គ្រងអាកាសយានដ្ឋានខាងលើ បានឲ្យដឹងថា យើងចំាបាច់ត្រូវតែបង្ខំចិត្តផ្អាករាល់ការហោះហើរទាំងអស់ ដើម្បីធានាដល់សុវត្ថិភាពអ្នកដំណើរ ចំណែកការចុះចតវិញ បានធ្វើឡើងធម្មតា។ ដោយឡែករដ្ឋមន្ត្រីក្រសួងចរាចរណ៍អង់គ្លេស លោក Chris Grayling បានប្រកាសថា កម្លាំងទាហានអង់គ្លេសត្រូវបានដាក់ពង្រាយឧបករណ៍តាមដានយន្តហោះគ្មានមនុស្សបើកនៅអាកាសយានដ្ឋាន Heathrow ក៏ដូចជាអាកាសយានដ្ឋាន Gatwick ។

គួរបញ្ជាក់ផងដែរថា ក្នុងមួយថ្ងៃៗអាកាសយានដ្ឋាន Heathrow ទទួលអ្នកដំណើរជាង២សែននាក់ ដោយមានក្រុមហ៊ុនហោះហើរ៨១ក្រុមហ៊ុន ចុះបញ្ជីនៅអាកាសយានដ្ឋាននេះ ដែលត្រូវបានគេចាត់ទុកថា ជាក្រុមហ៊ុនមមាញឹកបំផុតនៅអឺរ៉ុប៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner