វៀតណាមប្រមូលប្រាក់បានជាង១ពាន់លានដុល្លារ ពីបទល្មើសសេដ្ឋកិច្ច និងពុករលួយ នៅឆ្នាំ២០១៨
វៀតណាម៖ វៀតណាមទទួលបានមកវិញនូវប្រាក់ជាង១ពាន់លានដុល្លារអាម៉េរិក ពីការរកឃើញអំពើពុករលួយ និងបទល្មើសសេដ្ឋកិច្ចនៅឆ្នាំ២០១៨។ នាយកដ្ឋាននគរបាលទទួលបន្ទុកការស៊ើបអង្កេតលើបទល្មើស និងការជួញដូរពាក់ព័ន្ធនឹងបទល្មើសេដ្ឋកិច្ច និងអំពើពុករលួយ នៃក្រសួងសន្តិសុខសាធារណៈប្រទេសវៀតណាមបានប្រកាសថា ខ្លួនបានប្រមូលប្រាក់បានពីបទឧក្រិដ្ឋទាំងនេះវិញជិត២៧ទ្រីលានដុង ឬ ១,១៦ពាន់លានដុល្លារអាម៉េរិក តាមរយៈការស៊ើបអង្កេតក្នុងឆ្នាំ២០១៨ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews នៅថ្ងៃទី១០ មករា ២០១៩នេះ។

ផ្អែកតាមប្រភពតួលេខនេះបង្ហាញថា ជិត៥០ភាគរយនៃទំហំសរុប បានពីការបំពានច្បាប់ ហើយបើធៀបនឹងឆ្នាំ២០១៧ ទឹកប្រាក់នេះកើនឡើងប្រមាណ១៨ភាគរយ។ នាយកដ្ឋាននគរបាលទទួលបន្ទុកការស៊ើបអង្កេតលើបទល្មើស និងការជួញដូរពាក់ព័ន្ធនឹងបទល្មើសេដ្ឋកិច្ច និងអំពើពុករលួយបានផ្សព្វផ្សាយរបាយការណ៍នេះ អំឡុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៨ និងត្រៀមទិសដៅឆ្នាំ២០១៩ របស់ខ្លួន កាលពីពេលថ្មីៗនេះ៕



