សេដ្ឋកិច្ចវៀតណាមពង្រីកហួសពីការរំពឹងទុក ខណៈពិភពលោកជួបវិបត្តិកូវីដ១៩

អត្ថបទដោយ៖
Kien Sereyvuth

វៀតណាម៖ ក្នុងត្រីមាសទី២នៃឆ្នាំ២០២០ សេដ្ឋកិច្ចប្រទេសវៀតណាមបានពង្រឹងខ្លួន ហួសពីការរំពឹងទុក ទោះបីជាសេដ្ឋកិច្ចពិភពលោកជួបបញ្ហាដោយសារតែវិបត្តិជំងឺរាតត្បាតកូវីដ១៩ក៏ដោយ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃ២៩ មិថុនា ២០២០។

ផលិតផលក្នុងស្រុកសរុបឬ GDP កើនឡើង០.៣៦ភាគរយ ចន្លោះពីខែមេសា ដល់ មិថុនា បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើតាមការិយាល័យស្ថិតិទូទៅនៅទីក្រុងហាណូយ ប្រកាសកាលពីម្សិលមិញ។ ប្រភពបន្តថា ការបិទព្រំដែនដោយសារតែបញ្ហាជំងឺរាតត្បាត នាំឲ្យការនាំចេញវៀតណាមធ្លាក់ចុះ៩ភាគរយដែរ ហើយបីខែដំបូងឆ្នាំនេះ ធ្លាក់ចុះប្រមាណ៨.៣ភាគរយ។

អង្គការរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF កាលពីខែមេសា បានប៉ាន់ប្រមាណថា វៀតណាមនឹងនាំមុខគេនៅអាស៊ី ខាងកំណើន GDP ពោលគឺ២.៧ភាគរយ នៅឆ្នាំ២០២០។ នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក ក៏ទើបបាននិយាយថា រដ្ឋាភិបាលព្យាយាមរក្សាកំណើនសេដ្ឋកិច្ចលើស៥ភាគរយ នៅឆ្នាំនេះ។

សេដ្ឋកិច្ចវៀតណាមត្រូវបានគេដឹងថា ពឹងអាស្រ័យច្រើនលើការនាំចេញ ជាពិសេស ផលចំណេញពីសង្គ្រាមពាណិជ្ជកម្មអាម៉េរិកនិងប៉េកាំង ក្នុងរយៈពេល២ឆ្នាំចុងក្រោយមកនេះ។ បច្ចុប្បន្ន វៀតណាមមានអ្នកជំងឺកូវីដ១៩ ត្រឹម៣៥៥នាក់ គ្មានស្លាប់ទេ ជាមួយនឹងការដាក់ចេញវិធានការតឹងតែង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner