ពិព័រណ៍កុមារ និងគ្រួសារលើកទី៦ គ្រោងធ្វើឡើងចាប់ពីថ្ងៃទី១៩ ដល់ទី២០ ខែមករានេះ នៅអាគារពិព័រណ៍កោះពេជ្រ ដោយរំពឹងថានឹងមានអ្នកចូលរួមជាង៣៥,០០០នាក់
ភ្នំពេញ៖ ថ្លែងក្នុងសន្និសិទសារព័ត៌មានស្តីពីការរៀបចំពិព័រណ៌កុមារ និងគ្រួសារលើកទី៦ ដែលធ្វើឡើងសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៤ ខែមករា លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុនអនុស្សាបានមានប្រសាសន៍ថា ពិព័រណ៍កុមារ និងគ្រួសារលើកទី៦ដ៏ធំនេះ គ្រោងរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ទី២០ ខែមករានេះ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយកម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយក្រុមហ៊ុនម្សៅទឹកដោះពពែ Kabrita និងសាលាអន្ដរជាតិសិង្ហបុរី SCIA ហើយរំពឹងថា នឹងមានកុមារ និង មាតាបិតាប្រមាណជាង៣៥,០០០នាក់ចូលរួម។
លោកបានលើកឡើងពីភាពចាំបាច់បំផុតរបស់មាតាបិតា ក្នុងការវិនិយោគ ពេលវេលាអប់រំកូនជាប្រចាំ ដើម្បីកសាងមូលដ្ឋានអនាគតកុមារ ដោយលោកបានចែករំលែកពីលក្ខខណ្ឌសំខាន់បីដែលកុមារត្រូវការ ដើម្បីការរីកចម្រើននៅថ្ងៃអនាគត ដែលមានការគិតត្រូវ ការខិតខំប្រឹងប្រែង និងសារជាតិជាមនុស្សល្អ (Head, Hand, Heart) ។
គិតត្រូវសំដៅដល់ការយល់ឃើញថា ខ្លួនឯងជាអ្នកគ្រប់គ្រងជីវិត និងទទួលខុសត្រូវលើជោគវាសនាខ្លួនឯង មិនមែនជឿលើកម្មជាតិមុន ព្រះ ឬរបស់នៅក្រៅខ្លួននោះទេ។ ប្រឹងប្រែងសំដៅដល់ឥរិយាបថវិជ្ជមានដែលមានការខិតខំរៀនសូត្រជាប់ជាប្រចាំ ការប្រឹងប្រែងធ្វើការមិនខ្លាចនឿងហត់ ភាពមិនខ្ជឹលច្រអូសដេកចាំតែផល និងភាពជាមនុស្សល្អសំដៅដល់ភាពស្មោះត្រង់ ស្វាមីភ័ក្ត្រ ការចែករំលែក ភាពកត្តញ្ញូ និងការមិនគិតតែពីខ្លួនឯង។
លោក Ismail Abdul Samat នាយកបឋមសិក្សា និងលោកស្រី Ivy Toh នាយករងនៃការអប់រំកម្រិតក្រោមបឋមសិក្សារបស់សាលាអន្ដរជាតិ SCIA បានបញ្ជាក់ថា ក្នុងឆ្នាំថ្មីនេះ សាលាអន្តរជាតិ SCIA នឹងនាំជូនសកម្មភាពកម្សាន្តបែបអប់រំយកមកបង្ហាញក្នុងពិព័រណ៍កុមារលើកទី៦ ដែលសកម្មភាពទាំងនោះ នឹងឆ្លុះបញ្ចាំងអំពីកម្មវិធីសិក្សាអន្តរជាតិដែលល្អផ្តាច់គេរបស់ SCIA គឺ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ការអភិវឌ្ឍភាពជាសហគ្រិន និងភាពជាអ្នកដឹកនាំ។ សកម្មភាពកម្សាន្ត និងការធ្វើពិសោធដែលនឹងរៀបចំនៅស្តង់របស់យើង ក៏ឆ្លុះបញ្ចាំងពីវិធីសាស្ត្ររួមឆ្ពោះទៅរកការរៀនសូត្រនៅក្នុងវិស័យទាំង៥ ដែលគ្របដណ្តប់លើការយល់ដឹង សោភ័ណវិទ្យា សីលធម៌ រាងកាយ និងសង្គម។
ជាមួយគ្នានេះ លោក ថុន វុត្ថា ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន LMM Distribution Co.,Ltd បានបន្ថែមថា “សម្រាប់ពិព័រណ៍កុមារឆ្នាំថ្មីនេះ ក្រុមហ៊ុនរបស់លោក នឹងនាំយកនូវម្សៅទឹកដោះពពែ Kabrita សម្រាប់តាំងបង្ហាញដល់អ្នកចូលរួមទាំងអស់អោយបានស្គាល់ពីម្សៅទឹកដោះពពែថ្មីនេះ ដែលផ្សំឡើងពីរូបមន្តអាហាររូបត្ថម្ភពេញលេញនិងមានសុវត្ថិភាពខ្ពស់ ស្តង់ដាគុណភាពខ្ពស់ពីប្រទេសហូល្លង់១០០% ហើយបច្ចុប្បន្ននេះម្សៅទឹកដោះពពែ Kabrita មានលក់នៅបណ្តាលប្រទេសជាច្រើនដូនជា ហូល្លង់ សហរដ្ឋអាម៉េរិក អង់គ្លេស រុស្ស៊ី ចិន និងសិង្ហបុរី។
សូមបញ្ជាក់ថា ក្រោមការចូលរួមពីក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈប្រើប្រាស់កុមារ និងគ្រួសារល្បីៗ ប្រមាណជាង២០០ស្តង់ ផលិតផលសរុបជាង៥,០០០មុខ នឹងត្រូវដាក់បង្ហាញជាមួយការលក់បញ្ចុះតម្លៃចាប់ពី១០%រហូតដល់៥០% នៅក្នុងពិព័រណ៌កុមារ និងគ្រួសារលើកទី៦នេះ៕