យានអវកាស New Horizons របស់អង្គការ NASA បង្ហាញរូបភាពលម្អតិលើកដំបូងនៃអាចម៍ផ្កាយ Ultima Thule នៅចុងប្រព័ន្ធព្រះអាទិត្យ
សហរដ្ឋអាម៉េរិក៖ ក្រុមការងារនៃបេសកកម្មយានអវកាស New Horizons របស់អង្គការ NASA បានបញ្ចេញរូបភាពលម្អិតលើកដំបូងនៃអាចម៍ផ្កាយ Ultima Thule ដែលយានអវកាសនេះទើបបានទៅដល់ នៅចុងប្រព័ន្ធព្រះអាទិត្យ ហើយក៏ជារូបភាពដំបូងបំផុតមិនធ្លាប់មាននៅតំបន់ឆ្ងាយបំផុតផងដែរ ។

យាន New Horizon បានធ្វើការហោះហើរឆ្វែលអាចម៍ផ្កាយ Ultima Thule កាលពីថ្ងៃឆ្លងឆ្នាំសកល ដោយវាបានទៅកៀកដុំថ្មអវកាសនេះនៅរយៈចម្ងាយត្រឹម ៣.៥៤០គីឡូម៉ែត្រ ក្នុងល្បឿន៥០.៦៩៤គីឡូម៉ែត្រក្នុងមួយម៉ោង ។ រូបភាពនៃ Ultima Thule បង្ហាញថា អាចម៍ផ្កាយនេះគឺជាថ្មពីរដុំនៅជាប់គ្នា ដោយពីចុងម្ខាងទៅម្ខាងមានប្រវែងប្រហែល៣១គីឡូម៉ែត្រ ។

ក្រុមការងារនៃយានអវកាស New Horizon បានដាក់ឈ្មោះដុំថ្មដែលធំជាងថា Ultima ដែលមានមុខកាត់ប្រវែង១៩គីឡូម៉ែត្រ និងដុំដែលតូចជាងថា Thule ជាមួយមុខកាត់១៤គីឡូម៉ែត្រ ។ ថ្មទាំងពីរនេះត្រូវអ្នកវិទ្យាសាស្រ្តសន្និដ្ឋានថា ទំនងជាបានមកជាប់គ្នាយ៉ាងដូច្នេះ តាំងពីសម័យនៃការកកើតប្រព័ន្ធព្រះអាទិត្យមកម្ល៉េះ ហើយរូបរាងដ៏ចម្លែកមិនធ្លាប់បានឃើញរបស់វា គឺជាការបង្ហាញពីដំណើរការនៃការបង្កើតភពនៅក្នុងប្រព័ន្ធសូឡា កាលពី៤.៥ពាន់លានឆ្នាំមុន ៕
