ការបិទរដ្ឋាភិបាលសហរដ្ឋអាម៉េរិកទំនងជាអូសបន្លាយពេលយូរ ខណៈលោក ដូណាល់ ត្រាំ រក្សាជំហរដាច់ណាត់ក្នុងការទាមទារថវិកាសង់ជញ្ជាំងព្រំដែន
សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលអាម៉េរិកនៅតែបិទទ្វារយ៉ាងហោចណាស់ជាច្រើនថ្ងៃ ឬច្រើនសប្ដាហ៍ក៏ថាបាន ដោយសារតែលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែប្រកាន់ជំហរដាច់ណាត់ ក្នុងការទាមទារថវិកាសម្រាប់សង់ជញ្ជាំងព្រំដែនជាប់ប្រទេសម៉ិកស៊ិក និងដោយសារតែគណបក្សប្រជាធិបតេយ្យនៅតែប្រឆាំងដាច់អហង្ការចំពោះរឿងនេះ។

លោក ដូណាល់ ត្រាំ នៅថ្ងៃច័ន្ទនេះបានអះអាងថា អ្នកប្រជាធិបតេយ្យម្នាក់ៗជាក់ស្តែងគាំទ្រយ៉ាងរឹងមាំចំពោះការធ្វើ «ជញ្ជាំងព្រំដែន ឬរបងព្រំដែន» ប៉ុន្តែពួកគេប្រឆាំងនឹងគំនិតនេះ ហើយថា បន្ទាប់ពីលោកបានធ្វើឱ្យគំនិតនេះ បានក្លាយជាផ្នែកមួយដ៏សំខាន់នៃយុទ្ធនាការរបស់លោក សម្រាប់ការឃោសនាបោះឆ្នោតប្រធានាធិបតី។ លោក ត្រាំ បន្តថា លោកតែម្នាក់ឯងគត់នៅសេតវិមាន ដែលរង់ចាំឱ្យក្រុមអ្នកប្រជាធិបតេយ្យត្រឡប់មកវិញ ហើយធ្វើកិច្ចព្រមព្រៀងលើសន្តិសុខតាមព្រំដែនដែលត្រូវការជាចាំបាច់។

ទន្ទឹមគ្នានោះដែរ មេដឹកនាំកំពូលខាងគណបក្សប្រជាធិបតេយ្យនៅសភា បានស្តីបន្ទោសលោក ដូណាល់ ត្រាំ ចំពោះការបិទរដ្ឋាភិបាល ដោយលោកបាននិយាយថា ការសម្រេចចិត្តនាពេលថ្មីៗរបស់លោក ត្រាំ បានធ្វើឱ្យសហរដ្ឋអាម៉េរិកមានភាពវឹកវរ៕



