សិក្ខាសាលាពិនិត្យលើរបាយការណ៍ជាតិលើកទី៦ ស្ដីពីជីវៈចម្រុះរបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពក្រសួងបរិស្ថាន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោកជំទាវ ចាន់ សុម៉ាលី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បានអញ្ជើញជាអធិបតី និងដឹកនាំក្នុងសិក្ខាសាលាពិនិត្យលើរបាយការណ៍ជាតិលើកទី៦ ស្ដីពីជីវៈចម្រុះ។ សិក្ខាសាលានេះ មានការចូលរួមពីតំណាងអគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន អង្គការដៃគូជាតិ និងអន្តរជាតិ និងអ្នកពាក់ព័ន្ធសរុបប្រមាណ១៥៨រូប នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨។

លោកជំទាវ ចាន់ សុម៉ាលី អគ្គលេខាធិការរង ក.ជ.អ.ច. មានប្រសាសន៍បន្តទៀតថា របាយការណ៍ជាតិលើកទី៦ ដែលយើងនឹងពិនិត្យផ្ទៀងផ្ទាត់នៅថ្ងៃនេះ មានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា និងពិភពលោកទាំងមូល ដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគោលដៅជីវៈចម្រុះជាតិ គោលដៅជីវៈចម្រុះអាឈី និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ព័ត៌មានដែលទទួលបានពីរបាយការណ៍ជាតិនេះ នឹងដាក់បញ្ចូលក្នុងGlobal Biodiversity Outlook លើកទី៥ និងត្រៀមរៀបចំផែនការយុទ្ធសាស្ត្រស្ដីពីជីវៈចម្រុះសកលក្រោយឆ្នាំ២០២០ (Post 2020 Global Biodiversity Framework) ដែលនឹងយកទៅអនុម័តនៅក្នុងកិច្ចប្រជុំលើកទី១៥ នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះនៅឆ្នាំ២០២០ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនខាងមុខ។

ក្នុងឱកាសនោះដែរ លោកជំទាវបានសំណូមពរដល់សិក្ខាកាមទាំងអស់ ត្រូវចូលរួមចំណែកផ្ដល់ធាតុចូល កែតម្រូវ និងបំពេញបន្ថែមព័ត៌មានខ្វះខាតដើម្បីឱ្យរបាយការណ៍ជាតិលើកទី៦ ស្ដីពីជីវៈចម្រុះនេះគ្រប់ជ្រុងជ្រោយ និងសមស្របតាមស្ថានភាពជាក់ស្តែងរបស់ព្រះរាជាណាចក្រកម្ពុជា។ សូមជម្រាបផងដែរថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីចែករំលែកព័ត៌មាន និងពិនិត្យលើ៖

១) ការប្រែប្រួលនិន្នាការ និងស្ថានភាពនៃជីវៈចម្រុះរបស់កម្ពុជាចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨

២) ឥទ្ធិពលសំខាន់ៗដែលបង្កឱ្យមានការប្រែប្រួលជីវៈចម្រុះ

៣) មធ្យោបាយផ្សេងៗដែលបានយកមកអនុវត្តក្នុងការអភិរក្សជីវៈចម្រុះ ការអនុវត្តយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិស្ដីពីជីវៈចម្រុះ និងគោលដៅជីវៈចម្រុះជាតិ

៤) យន្តការដែលបានអនុវត្តដើម្បីសម្រេចបាននូវគោលដៅជីវៈចម្រុះអាឈី (២០១១-២០២០) និង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner