កិច្ចចរចាសន្តិភាពក្នុងប្រទេសអាហ្វហ្កានីស្ថាន រវាងសហរដ្ឋអាម៉េរិក និងពួកតាលីបង់ ធ្វើឡើងនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម
អាហ្វហ្កានីស្ថាន៖ កិច្ចចរចាសន្តិភាពរវាងសហរដ្ឋអាម៉េរិក និងពួកតាលីបង់ ដែលរៀបចំដោយប៉ាគីស្ថាន បានចាប់ផ្ដើមហើយនៅថ្ងៃច័ន្ទនេះនៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីជំរុញឲ្យមានដំណោះស្រាយនយោបាយសម្រាប់សង្គ្រាមនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។ អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថានលោក ម៉ួហាម៉េដ ហ្វៃសាល បានបញ្ជាក់សាជាថ្មីថា រដ្ឋាភិបាលប៉ាគីស្ថាន រួមជាមួយនឹងសហគមន៍អន្តរជាតិ ព្រមទាំងភាគីពាក់ព័ន្ធផ្សេងទៀត ប្ដេជ្ញានាំយកសន្តិភាព និងការផ្សះផ្សាដល់ប្រទេសអាហ្វហ្កានីស្ថាន ដែលញាំញីដោយសារសង្គ្រាមអស់ជាច្រើនឆ្នាំមកនេះ។
ដោយឡែកមន្ត្រីមួយរូបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា រដ្ឋាភិបាលប៉ាគីស្ថានបានសម្របសម្រួលការពិភាក្សានេះ បន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ សរសេរលិខិតមួយច្បាប់ផ្ញើទៅកាន់នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក អ៊ីរ៉ាន់ ខាន់ កាលពីដើមខែនេះ ឲ្យជួយសហការនាំពួកតាលីបង់មកកាន់តុចរចាសន្តិភាព។ បើតាមអ្នកនាំពាក្យក្រុមតាលីបង់លោក ហ្ស៊ាប៊ីហ៊ូឡា ក៏បានបញ្ជាក់ផងដែរ អំពីការចូលរួមចរចារបស់ខ្លួនជាមួយមន្ត្រីអាម៉េរិកនៅថ្ងៃច័ន្ទនេះ ប៉ុន្តែបានបន្ថែមថា អ្នកតំណាងមកពីប្រទេសអេមីរ៉ាតអារ៉ាប់រួម ប៉ាគីស្ថាន និងអារ៉ាប៊ីសាអ៊ូឌីត ក៏ចូលរួមនៅក្នុងការពិភាក្សានេះផងដែរ៕ម.ន




