បទឈប់បាញ់នៅប្រទេសយ៉េម៉ែន នឹងចូលជាធរមានចាប់ពីថ្ងៃទី១៨ ខែធ្នូនេះតទៅ

យ៉េម៉ែន៖ លោក យ៉ាយ៉ា សារៀ ដែលជាមន្ត្រីជាន់ខ្ពស់មួយរូបរបស់ក្រុមឧទ្ទាម ហ៊ូធី បាននិយាយក្នុងសន្និសីទកាសែតនៅទីក្រុងសាណា កាលពីចុងសប្តាហ៍មុនថា បទឈប់បាញ់ដែលបានព្រមព្រៀងគ្នារវាងភាគីបង្កសង្គ្រាមនៅយ៉េម៉ែន សម្រាប់ទីក្រុងកំពង់ផែហូដេដាស់ នឹងចូលជាធរមានចាប់ពីថ្ងៃទី១៨ ខែធ្នូនេះតទៅ។ ក្រុមឧទ្ទាម ហ៊ូធី គាំទ្រដោយអ៊ីរ៉ង់ និងរដ្ឋាភិបាលលោកប្រធានាធិបតី អាប់ រ៉ាប៊ូ មែនសួ ហាឌី គាំទ្រដោយអារ៉ាប៊ី សាអូឌីត បានឈានដល់បទឈប់បាញ់កាលថ្ងៃព្រហស្បតិ៍តកន្លងទៅ ក្រោយកិច្ចប្រជុំរយៈពេល១សប្តាហ៍ រៀបចំឡើងដោយអង្គការសហប្រជាជាតិនៅក្នុងប្រទេសស៊ុយអែត ដើម្បីបញ្ឈប់សង្គ្រាមនៅក្នុងទីក្រុងសមុទ្រក្រហមមួយនេះ ហើយនឹងការដកកងកម្លាំងចេញ ។

ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង ហូដេដាស់ សង្ឃឹមជឿជាក់ថា បទឈប់បាញ់នេះ នឹងនាំមកនូវសន្តិភាព និងស្ថិរភាព ហើយនឹងធ្វើឲ្យពួកគេអាចវិលត្រឡប់មកធ្វើការឡើងវិញបាន។ សូមបញ្ជាក់ថា ទីក្រុងដែលគ្រប់គ្រងភាគច្រើនដោយក្រុមឧទ្ទាមហ៊ូឌី រួមទាំងទីក្រុងហូដេដាស់ និងរដ្ឋធានីសាណា ជាកន្លែងដែលពួកគេបានផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហាឌី កាលពីឆ្នាំ២០១៤នោះ បានបង្ខំឲ្យមានការជ្រៀតជ្រែកពីកងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ខណៈបច្ចុប្បន្នរដ្ឋាភិបាលយ៉េម៉ែន មានមូលដ្ឋាននៅទីក្រុងកំពង់ផែភាគខាងត្បូងអាដែន៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner