ការអភិវឌ្ឍត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ សប្បុរសជន និងដៃគូអភិវឌ្ឍន៍នានារួមទាំងអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានផងដែរ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្ដម ជាវ តាយអភិបាលនៃគណៈអភិបាលខេត្តកំពត បានលើកបញ្ជាក់នៅក្នុងអង្គសិក្ខាសាលាស្ដីពីសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ក្រុងឆ្នាំ២០១៩-២០២១​ នៅក្រុងកំពតខេត្តកំពត កាលពីព្រឹកថ្ងៃទី១១ខែធ្នូ ឆ្នាំ២០១៨នេះថា៖  ការអភិវឌ្ឍ ត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍន៍និងសប្បុរសជននានា ជាមួយអាជ្ញាធរក្នុងមូលដ្ឋានទើបអាចសម្រេចលទ្ធផលរីកចម្រើនបានជោគជ័យ។

ព្រោះថា កាអនុវត្តគោលនយោបាយ វិមជ្ឈការនិងសហមជ្ឈការ នៅថ្នាក់ក្រោមជាតិនាពេលកន្លងមក គឺជាដំណើរការពង្រឹងរបបប្រជាធិបតេយ្យនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅបើកឱកាសកាន់តែច្រើនអោយប្រជាពលរដ្ឋបានចូលរួមចំណែកដោយផ្ទាល់ក្នុងដំណើរការអភិវឌ្ឍន៍ ជាពិសេសការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន។

ជាមួយនេះដែរក្រុមប្រឹក្សាសង្កាត់ដែលជាតំណាងប្រជាជនក៏បានលើកឡើងនូវគម្រោងឬសកម្មភាពជាអាទិភាពស្នើឡើងដោយអ្នកភូមិបានដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខ្លួនដើម្បីស្វែងរកប្រភពថវិកាគាំទ្រនេះដែរ។
ដូចនេះការរៀបចំធ្វើអង្គសិក្ខាសាលាសមាហរណកម្ម នៃកម្មវិធី វិនិយោគបីឆ្នាំរំកិលឆ្នាំ២០១៩-២០២១ដែលក្រុងកំពតធ្វើឡើងនាពេលនេះ ពិតជាមានសារៈសំខាន់ ក្នុងការបង្កឱកាសគាំទ្រគម្រោងសកម្មភាពវិនិយោគរបស់ក្រុងនិងសង្កាត់ ដែលពុំមានមូលនិធិអនុវត្ត និងសម្របសម្រួលបន្ស៉ីគ្នារវាងគម្រោងសកម្មភាពវិនិយោគក្រុងនិងសង្កាត់ គម្រោងសកម្មភាពវិនិយោគ សង្កាត់និងសង្កាត់  គម្រោងសកម្មភាពវិនិយោគក្រុងនិងសង្កាត់ និងមន្ទីរវិស័យ និងបណ្ដាដៃគូអភិវឌ្ឍន៍ព្រមទាំងពង្រឹងកិច្ចសហការរវាងរដ្ឋបាលក្រុងជាមួយរដ្ឋបាលសង្កាត់ និងភាគីពាក់ព័ន្ធនានា។

ឯកឧត្ដម ជាវ តាយ ក៏បានផ្ដាំផ្ញើដល់តំណាងមន្ទីរជំនាញ និងដៃគូអភិវឌ្ឍន៍នានាបន្ត យកចិត្តទុកដាក់ ពិនិត្យពិចារណាបន្ថែមទៀត ទៅលើតារាងម៉ាទ្រិច សង្កាត់ និងក្រុង ដើម្បីជ្រើសរើស នូវគម្រោងណាដែលសមស្រប ទៅនឹងទិសដៅវិស័យរបស់ខ្លួន ហើយដែលមន្ទីរជំនាញឬដៃគូអភិវឌ្ឍន៍គិតថា មានថវិកា ជាស្រេចដែលផ្ដល់ដោយ ក្រសួងស្ថាប័ន ឬម្ចាស់ជំនួយផ្សេងៗ សម្រាប់ឆ្លើតប និងគាំទ្រដល់គម្រោង អភិវឌ្ឍន៍សង្កាត់និងក្រុង។ ទន្ទឹមនោះឯកឧត្តមអភិបាលខេត្ត ក៏បានស្នើអោយពិនិត្យឡើងវិញ នូវគម្រោងទាំងឡាយណាដែលបានធ្វើការសន្យាគាំទ្រដល់គម្រោងឆ្នាំកន្លងទៅ ហើយមិនទាន់បានអនុវត្តត្រូវខិតខំធ្វើការអនុវត្តអោយបានទាន់ពេលវេលាផងដែរ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner