ឥណ្ឌាបាញ់សាកល្បងមីស៊ីលផ្លោង ដែលអាចបាញ់ដល់ទ្វីបអាស៊ី ទ្វីបអាហ៊្វ្រិក និងអឺរ៉ុបដោយជោគជ័យ
ឥណ្ឌា៖ ឥណ្ឌាបានធ្វើការបាញ់សាកល្បងដោយជោគជ័យមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ អានី-វី នៅថ្ងៃចន្ទនេះ ចេញពីមូលដ្ឋានសម្រាប់ការធ្វើតេស្តសព្វាវុធ នៅរដ្ឋ អូឌីសា ភាគខាងកើតប្រទេស។ ការធ្វើតេស្តនេះ គឺជាជោគជ័យលើកទី៣ហើយនៃមីស៊ីល អានី-វី ក្នុងឆ្នាំនេះ ដោយមីស៊ីលនេះ មានប្រវែង១៧ម៉ែត្រ និងទំហំ០២ម៉ែត្រ ហើយថែមទាំងអាចផ្ទុកក្បាលគ្រាប់ធម្មតា ឬនុយក្លេអ៊ែរទម្ងន់សរុប១,៥តោន។
ពាក់ព័ន្ធនឹងការអភិវឌ្ឍមីស៊ីលផ្លោងរបស់ឥណ្ឌានេះដែរ កន្លងមកចិនធ្លាប់បានបង្ហាញការមិនពេញចិត្តជាចំហជុំវិញគម្រោងអភិវឌ្ឍន៍មីស៊ីល អានី-វី នៅពេលមីស៊ីលនេះ ត្រូវបានធ្វើតេស្តកាលពីខែធ្នូ ឆ្នាំ២០១៦។ ទីក្រុងប៉េកាំងបានចាត់ទុកការសាកល្បងនេះថា ជាការបំពានលើច្បាប់របស់ក្រុមប្រឹក្សាសន្តិសុខជាតិអង្គការសហប្រជាជាតិ និងបានបង្កការគំរាមកំហែងដល់តុល្យភាពយុទ្ធសាស្រ្តភូមិ សាស្រ្តនយោបាយនៅតំបន់អាស៊ីខាងត្បូង។ យ៉ាងណាមិញ មីស៊ីល អានី-វី ត្រូវគេរំពឹងថា នឹងអាចប្រើប្រាស់បានជាផ្លូវការនាពេលឆាប់ៗខាងមុខ ខណៈមីស៊ីលរយៈចម្ងាយឆ្ងាយនេះទៀតសោត មានសមត្ថភាពវាយប្រហារដល់គ្រប់គោលដៅនៅក្នុងទ្វីបអាស៊ី ព្រមទាំងតំបន់មួយចំនួននៃទ្វីបអាហ៊្វ្រិក និងអឺរ៉ុបផងដែរ៕ម.ន


