ការប្រមូលចំណូលពន្ធដារក្នុងឆ្នាំ២០១៨ គិតត្រឹមដំណាច់ត្រីមាសទី៣ ប្រមូលបានប្រមាណ១៦៩១លានដុល្លារអាម៉េរិក និងពន្ធគយប្រមូលបានប្រមាណ១៧៦៧លានដុល្លារអាម៉េរិក
នៅក្នុងកម្មវិធីសិក្ខាសាលាស្តីពីការលើកកម្ពស់ការយល់ដឹងស្តីពីវប្បធម៌សារពើពន្ធដល់វិស័យយុត្តិធម៌ កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម បណ្ឌិត ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាតំណាង របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា សិក្ខាសាលានេះ រៀបចំឡើងក្នុងទិសដៅពង្រឹងអភិបាលកិច្ចសារពើពន្ធ និងនីត្យានុកូលសារពើពន្ធ ដោយប្រមូលផ្តុំនូវបទអន្តរាគមន៍ពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពាក់ព័ន្ធ និងលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងពីតំណាងក្រសួងយុត្តិធម៌ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ឯកឧត្តមបណ្ឌិត ជូ វិជិត្ត បន្តថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានចាត់បញ្ចូលជាក្រុមប្រទេស ឯកទគ្គករកំណើនមួយក្នុងចំណោមប្រទេសនានាលើពិភពលោក ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំ ដោយសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ៧% ក្នុង១ឆ្នាំ។ ស្ថិតនៅក្នុងបរិការណ៍នៃការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ចំណូលសារពើពន្ធ ដែលរួមមានចំណូលពន្ធដារ និងពន្ធគយ បាននិងកំពុងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា និងកាត់បន្ថយភាពក្រីក្រ យ៉ាងឆាប់រហ័ស។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច បានឱ្យទៀតថា តាមរយៈនេះ ការធ្វើកំណែទម្រង់គោលនយោបាយសារពើពន្ធ និងរដ្ឋបាលសារពើពន្ធ គឺជាលក្ខខណ្ឌចំពោះមុខ ដើម្បីឆ្លើយតបទៅនឹងភាពជោគជ័យនៃការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។ ឈរលើមូលដ្ឋាននេះ ការធ្វើកំណែទម្រង់នេះ គឺពុំអាចជោគជ័យបានទេ ប្រសិនបើគ្មានការចូលរួមពីភាគីពាក់ព័ន្ធជាអាទិ៍ មន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ រួមទាំងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល ជាពិសេស មេធាវី និងសហការី ដែលជាតួអង្គប្រតិបត្តិច្បាប់ យ៉ាងសំខាន់ក្នុងកិច្ចការ ពង្រឹងនីត្យានុកូលសារពើពន្ធនិងនីតិរដ្ឋ។ ជាលទ្ធផលនៃការកែទម្រង់កន្លងមក លទ្ធផលនៃការប្រមូលចំណូលពន្ធដារក្នុងឆ្នាំ២០១៧កន្លងទៅនេះ គឺបានប្រមាណ១៩៣៨លានដុល្លាអាម៉េរិក និងគិតត្រឹមដំណាច់ ត្រីមាសទី៣ ឆ្នាំ២០១៨ ប្រមូលបានប្រមាណ១៦៩១លានដុល្លាអាម៉េរិក។ ចំពោះចំណូលពន្ធគយ ក្នុងឆ្នាំ២០១៧ គឺប្រមូលបានប្រមាណ១៩០១លានដុល្លាអាម៉េរិក និងគិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០១៨ ប្រមូលបានប្រមាណ ១៧៦៧លានដុល្លាអាម៉េរិក។ លទ្ធផលវិជ្ជមាននេះ គឺកើតចេញមកពីការដាក់ចេញនូវកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ហើយសមិទ្ធផលនេះ មិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកពីភាគីពាក់ព័ន្ធនោះឡើយ។
ឯកឧត្តមបណ្ឌិត ជូ វិជិត្ត បញ្ជាក់ថា ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងវិស័យសារពើពន្ធ ក៏តម្រូវឱ្យមាននូវការចូលរួមជាអន្តរសកម្មរវាងតួអង្គពាក់ព័ន្ធ ដោយពឹងផ្អែកលើចំណុចមួយចំនួន ដូចជា៖ ទី១)ត្រូវចូលរួមគោរព និងអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសារពើពន្ធ ទី២)ការបង់ពន្ធជូនរដ្ឋ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ទី៣)មានការបង់ពន្ធ មានការអភិវឌ្ឍ៖ ដោយអ្នកជាប់ពន្ធទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវអភិក្រម “ពលរដ្ឋល្អ ត្រូវស្មោះត្រង់ក្នុងការបង់ពន្ធ ដើម្បីប្រទេសជាតិកាន់តែរីកចម្រើន ទី៤)ត្រូវបង្កើនឆន្ទៈ ការប្តេជ្ញា ភាពជាម្ចាស់ និងការទទួលខុសត្រូវនៅគ្រប់កម្រិត៕ម.ន




