អភិបាលខេត្តកំពង់ឆ្នាំង ជួបសំណេះសំណាល និងសាកសួរសុខទុក្ខមន្ត្រីឧទ្យានុរក្សនៅដែនជម្រកសត្វព្រៃឱរ៉ាល់ ក្នុងស្រុកទឹកផុស
ខេត្តកំពង់ឆ្នាំង៖ ថ្ងៃសុក្រ ១៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០១៨ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោកឧត្ដមសេនីយ៍ទោ ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្ត លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរដែនដី និងមន្ទីរជំនាញពាក់ព័ន្ធ បានអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខ មន្ត្រីឧទ្យានុរក្សដែលប្រចាំការនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្ត្រស្រុកទឹកផុស។
ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណដល់មន្ត្រីឧទ្យានុរក្សទាំងអស់ដែលបានខិតខំបំពេញការងារនាពេលកន្លងមក និងបានផ្ដាំផ្ញើឲ្យបន្តពង្រឹងកិច្ចសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងការការពារ និងអភិរក្សតំបន់ដែនការពារអភិរក្ស ចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលានូវបាតុភាពអសកម្ម ដែលបង្កដោយជនខិតខូចមួយចំនួន ដែលព្យាយាមរំលោភបំពានលើតំបន់អភិរក្សដែលច្បាប់បានរក្សាការពារ។ ក្នុងឱកាសនោះដែរ ឯកឧត្ដមក៏បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកាមួយចំនួនដល់ក្រុមមន្ត្រីឧទ្យានុរក្សផងដែរ៕