សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋវៀតណាម
ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុងហាណូយប្រទេសវៀតណាម នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ សម្តេច បានអញ្ជើញជួបសំដែងការគួរសមជាមួយប្រធានរដ្ឋវៀតណាម ឯកឧត្តម ង្វៀន ភូជុង ។
ក្នុងជំនួបនេះ សម្តេចតេជោ បានជំរាបជូនប្រធានរដ្ឋវៀតណាម ឯ,ឧ ង្វៀន ភូជុង អំពីលទ្ធផលនៃជំនួបរវាងសម្តេចជាមួយ ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម កាលពីព្រឹក ហើយឯកឧត្តម ប្រធានរដ្ឋវៀតណាម ក៏បានមានប្រសាសន៍ថា ប្រទេសយើងទាំងពីរវៀតណាម-កម្ពុជា ធ្លាប់មានប្រពៃណីរួមរស់ជាមួយគ្នា ជាប្រទេសជិតខាង ធ្លាប់ប្រកៀកស្មាគ្នា តស៊ូប្រយុទ្ធជាមួយគ្នា ដូច្នេះយើងត្រូវតែខិតខំថែរក្សាពូនជ្រំ នូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាជាបន្តទៀត ។ ជាពិសេស គឺធ្វើយ៉ាងណាឱ្យមានតំនុកចិត្តគ្នាទៅវិញទៅមក ហើយឯកឧត្តម ប្រធានរដ្ឋវៀតណាម ក៏បានផ្តាំផ្ញើនូវការសួរសុខទុក្ខដល់ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសម្តេចម៉ែ ហើយថា ឯកឧត្តមរីករាយ នឹងចាំទទួលព្រះរាជទស្សនកិច្ចរបស់ព្រះអង្គ នៅប្រទេសវៀតណាម នាពេលខាងមុខនេះ។
ជាមួយនេះ ឯកឧត្តម ប្រធានរដ្ឋ ក៏បានអបអរសាទរ ជាថ្មីម្តងទៀត ចំពោះជោគជ័យ ដែលគណបក្សប្រជាជនកម្ពុជា សម្រេចបានក្នុងការបោះឆ្នោត ដែលសម្តេចត្រូវបានជ្រើស តាំងសារជាថ្មី ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៦ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានជូនពរឯកឧត្តម ប្រធានរដ្ឋវៀតណាម ដែលត្រូវបានជ្រើស រើសជាប្រធានរដ្ឋវៀតណាម កាលពីពេលថ្មីៗកន្លងទៅនេះផងដែរ ៕