សម្តេចតេជោ ហ៊ុន សែន បានស្នើដល់សមាគមកម្ពុជា-វៀតណាម បន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា- វៀតណាម

អត្ថបទដោយ៖
Kien Sereyvuth

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យសមាគមកម្ពុជា វៀតណាម បន្តខិតខំពង្រីកសកម្មភាពរបស់ខ្លួនក្នុងការបន្តគាំទ្រ ដល់កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំង២ ។

 ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើឡើងយ៉ាងដូច្នេះ ខណៈសមាគមកម្ពុជា វៀតណាម​​ បាន​មក​ចូល​ជួប​សំដែង​ការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចក្នុងឱ​កាស​សម្តេ​ចបំពេញ​ទស្សនកិច្ច​នៅទីក្រុង​ហាណូយប្រទេសវៀតណាម នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ។

 នៅក្នុងជំនួបនេះ លោកប្រធានសមាគមកម្ពុជា វៀតណាម បានគោរពជំរាបជូនសម្តេចថា សមាគមកម្ពុជា វៀតណាម គឺមានសមាជិក​ច្រើនដែលធ្លាប់ធ្វើការនៅកម្ពុជាឬជាកូន ជាចៅ អតីតកម្មាភិបាលកងទ័ពវៀ​តណា​ម ដែលធ្លាប់​បាន​ចូល​រួម​ចំណែ​កជួយ​រំដោះ​ប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។

 ជំនួបសំដែងការគួរសមនេះ ធ្វើឡើងក្នុងគោលដៅ ដើម្បីបង្កើនទំនាក់ទំនង រវាងប្រជាជន និងប្រជាជន ជាពិសេសស​មាគម​ធ្លាប់ជួបជាមួយសម្តេចពីមុនហើយដែរ​ ហើយការជួបជាមួយសម្តេចនៅពេលនេះ សម្តេចបានបើកច្រក​ឱ្យសមាជិកនៃ​សមាគម បានស្រាវជ្រាវអំពីកូនចៅ អតីតកម្មាភិបាល កងទ័ពវៀតណាម ដែលបានបាត់បង់គ្រួសារ សាច់ញាតិ ទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅវៀតណាមផងដែរ។

 លោកប្រធានសមាគម ក៏បានរាយការណ៍ជូនសម្តេចថា សមាគម នេះ បានដើរ​តួនាទី​យ៉ាងច្រើន ​ទាំង​នៅក្នុង​ប្រទេស​វៀតណាម និងកម្ពុជា ជាពិសេសបានរួមចំណែក ក្នុងការពង្រឹងទំនាក់ទំនង នៃកិច្ចសហប្របត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ ហើយសមាគមនេះ ក៏មានអតីតដែលជាឯកអគ្គរដ្ឋទូតវៀតណាមធ្លាប់ប្រចាំនៅកម្ពុជាផងដែរ។

 សម្តេចតេជោ ក៏ជំរាបជូន ប្រតិភូសមាគម កម្ពុជា វៀតណាម​ ពីការរីកចម្រើន របស់សមាគម និងបានសុំឱ្យសមាគម បន្តខិតខំពង្រីកសកម្មភាពរបស់ខ្លួនក្នុងការបន្តគាំទ្រ ដល់កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner