ប្រធានសហព័ន្ធកីឡាវាយសី ប្ដេជ្ញាដណ្ដើមមេដាយមាសឲ្យលើសពី២គ្រឿងពីស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ថា នៅស៊ីហ្គេម ឆ្នាំ២០២៣ សហព័ន្ធកីឡវាយសីកម្ពុជានឹងខិតខំដណ្ដើមមេដាយមាសឲ្យបានយ៉ាងតិច២គ្រឿងតាមការកំណត់របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ឯកឧត្តមបានថ្លែងបែបនេះ នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាវាយសីកម្រិតបឋមកាលពីថ្ងៃសៅរ៍ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តមបន្តថា យើងនៅសល់ពេលវេលាជាង៥ឆ្នាំទៀត នឹងត្រូវធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះហើយ ប្រសិនបើយើងត្រៀមលក្ខណៈបានល្អនោះ យើងមិនត្រឹមតែសម្រេចតាមផែនការដែល NOCC បានកំណត់នោះទេ ពោលគឺយើងអាចនឹងដណ្ដើមមេដាយមាសបានច្រើនជាង២គ្រឿងទៅទៀត។ 

ដូច្នេះឯកឧត្តមសង្ឃឹមថា ទាំងមន្ត្រីពាកព័ន្ធ និងកីឡាករការិនីវាយសីទាំងអស់ ពិសេសសិក្ខាកាមដែលទើបនឹងបញ្ចប់វគ្គនៅថ្ងៃនេះ នឹងយកចំណេះដឹងទៅចែករំលែកដល់ថ្នាល យុវជន និងកីឡាករ-ការិនី នៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានទូលំទូលាយ ដើម្បីរួមសាមគ្គីគ្នាអនុវត្តផែនការដែល NOCC បានកំណត់ឲ្យជោគេជ័យ និងអាចឈានទៅលើសផែនការកំណត់។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាវាយសីកម្រិតបឋមនេះ មានសិក្ខាកាមជាគ្រូបង្វឹកតាមក្លិប និងតាមសាលានានាមកចូលរួមចំនួន៣៥នាក់ ក្នុងនោះមាន២៤នាក់ជាបុរស មានរយៈពេល៦ថ្ងៃ បង្ហាត់បង្រៀនដោយលោក សំបែន ថាន ស៊ីវ៉ាប៉េរូម៉ាល់ ជាមន្ត្រីអភិវឌ្ឍន៍កីឡាវាយសីអាស៊ី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner