ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី៖ ការកាត់បន្ថយភាពក្រីក្រតាមរយៈវិស័យវិស្វកម្ម និងបច្ចេកវិទ្យាសម្រាប់បម្រើឲ្យវិស័យកសិកម្ម ឧស្សាហកម្ម បច្ចេកវិទ្យា និងសេវាកម្ម គឺពិតជាមានសារៈសំខាន់ដល់ការអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា
សន្និសីទលើកទី៦ រវាងអាស៊ាន-កូរ៉េ ស្តីពីវិស្វកម្ម និងបច្ចេកវិទ្យា និងវិទិកាតុមូលឆ្នាំ២០១៨ ក្រោមប្រធានបទ “ វិស័យកសិកម្ម ឧស្សាហកម្ម បច្ចេកវិទ្យា និងសេវាកម្ម” ត្រូវបានរៀបចំធ្វើនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កាលពីព្រឹកថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តាអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ដោយមានការអញ្ជើញចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ឋ រាជបណ្ឌិសភាកម្ពុជា អង្គការជាតិ អន្តរជាតិ និងសិស្ស និស្សិតជាច្រើនរូបទៀត។
បណ្ឌិត មាស សុខុម ប្រធានអង្គការបណ្ឌិតសភាវិស្វកម្ម និងបច្ចេកវិទ្យាអាស៊ាន សាខាកម្ពុជា បានមានប្រសាសន៏ថា ជំនួបអាស៊ាន-កូរ៉េ ស្តីពីបច្ចេកវិទ្យា និងវិស្វកម្ម តែងធ្វើឡើងរៀងរាល់ឆ្នាំ ដែលមួយឆ្នាំធ្វើនៅកូរ៉េ និងពីរឆ្នាំធ្វើនៅតាមបណ្តាប្រទេសអាស៊ានទាំង១០ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកចំណេះដឹង ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាដែលទាក់ទងនឹងវិស័យ៤ គឺកសិកម្ម ឧស្សាហកម្ម បច្ចេកវិទ្យាជាន់ខ្ពស់ និងសេវាកម្ម។
ដោយឡែក លោកសាស្ត្រាចារ្យ ចូហាន់ តឹក ប្រធានអង្គការបណ្ឌិតសភាវិស្វកម្មអាស៊ាន បានមានប្រសាសន៍ថា គោលដៅរបស់យើងគឺផ្តោតសំខាន់លើយុវជនលើវិស័យវិស្វកម្ម និងបច្ចេកវិទ្យា ព្រោះយុវជនជាកម្លាំងស្នូលរបស់ប្រទេសជាតិ។ ចំណែកលោកសាស្ត្រាចារ្យ ឃ្យុង ហូស៊ីន ប្រធានអង្គការបណ្ឌិតសភាវិស្វកម្ម និងបច្ចេកអាស៊ាន-កូរ៉េ លើកឡើងថា បច្ចុប្បន្ន អាស៊ាន បានក្លាយជាផ្នែកដ៏សំខាន់របស់ពិភពលោក។ លោកសង្ឃឹមថា ជំនួបលើកនេះ នឹងមានការចែករំលែកបទពិសោធន៏ និងចំណេះដឹងល្អៗស្តីពីវិស្វកម្ម និងបច្ចេកវិទ្យារវាងយុវជនអាស៊ាន និងកូរ៉េ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៍ថា សន្និសីទលើកទី៦ រវាងអាស៊ាន និងកូរ៉េ ស្តីពីវិស្វកម្ម និងបច្ចេកវិទ្យា និងវេទិកាតុមូលឆ្នាំ២០១៨ លើវិស័យកសិកម្ម ឧស្សាហកម្ម បច្ចេកវិទ្យា និងសេវាកម្ម គឺជាប្រធានបទថ្មីមួយនៅកម្ពុជា និងបណ្តាប្រទេសកំពុងអភិវឌ្ឍ នានាលើសកលលោក ដើម្បីកាត់បន្ថយភាពក្រីក្រ និងនិរន្តរភាពនៃការអភិវឌ្ឍ។ ឯកឧត្តមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានទស្សវត្សនេះ កម្ពុជាមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សង្គម និងសេដ្ឋកិច្ច ដោយរក្សាបាននូវកំណើនជាង៧%ក្នុង១ឆ្នាំ អស់រយៈពេលជាង២ទស្សវត្សកន្លងទៅនេះ។
ផលិតផលសរុបជាមធ្យមសម្រាប់មនុស្សម្នាក់ បានកើនដល់១៥៦៣ដុល្លា នៅឆ្នាំ២០១៨ ធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងជាកូនខ្លាសេដ្ឋកិច្ចមួយនៅអាស៊ី ព្រមទាំងបានធ្វើឲ្យអត្រានៃភាពក្រីក្របានធ្លាក់ចុះពី១០០%នៅឆ្នាំ១៩៧៩ មកនៅត្រឹម១៣,៥% នៅឆ្នាំ២០១៤។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែមថា ការកាត់បន្ថយភាពក្រីក្រតាមរយៈវិស័យវិស្វកម្ម និងបច្ចេកវិទ្យា សម្រាប់បម្រើឲ្យវិស័យកសិកម្ម ឧស្សាហកម្ម បច្ចេកវិទ្យា និងសេវាកម្ម គឺពិតជាមានសារៈសំខាន់ដល់ការអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន។
ឈរលើស្មារតីនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអភិវឌ្ឍន៍ធនធានយុវជនក្នុងកម្មវិធីស្ទេម (STEM “Science Technology Engineering Mathematic” ក៏ដូចជានៅតាមបណ្តាក្រសួងនានាផងដែរ ដើម្បីបញ្ជ្រាបការបណ្តុះបណ្តាលរយៈពេលខ្លី និងមធ្យមនៃវិស័យវិស្វកម្ម និងបច្ចេកវិទ្យា និងការផ្ទេរបច្ចេកវិទ្យាដល់មន្ត្រីរាជការវិស័យសាធារណៈ និងវិស័យឯកជនទៅតាមមុខជំនាញ និងមុខរបររៀងៗខ្លួន។
កម្ពុជាបាន និងកំពុងអនុវត្តគោលនយោបាយកសិ-ឧស្សាហកម្ម និងគោលនយោបាយវិស័យឧស្សាហកម្ម ២០១៥-២០២៥ ដែលទាមទារនូវការចូលរួមពីវិស័យវិស្វកម្ម និងបច្ចេកវិទ្យា ហើយស្របនឹងយុទ្ឋសាស្ត្ររាជរដ្ឋាភិបាលបន្តផ្តោតការយកចិត្តទុកដាក់លើវិស័យអទិភាព៤ គឺមនុស្ស ផ្លូវ ទឹក និងភ្លើង ដែលទាក់ទងនឹងប្រធានបទយើងនៅថ្ងៃនេះ៕