រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពាវនាវដល់រដ្ឋបាលខេត្តនានាយកផលិតផលរបស់ខ្លួនមកតាំងពិព័រណ៍ក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍នៃនយោបាយឈ្នះ-ឈ្នះ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន និងជាប្រធានអនុគណៈកម្មាការៀបចំពិព័រណ៍កីឡា ការរៀបចំពិធីឆ្លងឆ្នាំសកល អំពាវនាវដល់រដ្ឋបាលខេត្តនានា យកផលិតផលកសិកម្ម សិប្បកម្ម និងផលិតផលផ្សេងៗទៀតក្នុងខេត្តរបស់ខ្លួន មកតាំងពិព័រណ៍ក្នុងឱកាសពិធីសម្ពោធវិមានអនុស្សាវរីយ៍នៃនយោបាយឈ្នះ-ឈ្នះ។ ឯកឧត្តមរដ្ឋមន្ត្រីជំរុញលើកទឹកចិត្តយ៉ាងដូច្នេះ ក្នុងឱកាសបន្តកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំបុណ្យឈ្នះ-ឈ្នះ នៅទីស្ដីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។ ពិធីសម្ពោធវិមានអនុស្សាវរីយ៍នៃនយោបាយឈ្នះ-ឈ្នះ និងពិធីអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ។

ក្នុងកិច្ចប្រជុំនាព្រឹកនេះដែរ ឯកឧត្តមបានពិភាក្សា និងពិគ្រោះយោបល់ជាមួយក្រុមការងារនីមួយៗ ដូចជា ស្ដង់ពិព័រណ៍សមិទ្ធផល២០ឆ្នាំ ពិព័រណ៍ទេសចរណ៍ ពាណិជ្ជកម្ម ម្ហូបអាហារ ការសម្តែងទស្សនីយភាព សិល្បៈ កីឡា និងពិធីឆ្លងឆ្នាំសកល។ ព្រមជាមួយការណែនាំអំពីការរៀបចំរាល់សកម្មភាព ពិព័រណ៍ សិល្បៈ កីឡា ឱ្យបានសម្បូរបែប និងប្រកបដោយភាពទាក់ទាញ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានរំលឹកថា គ្រប់ស្តង់ពិព័រណ៍ ត្រូវមានធុងសំរាម និងបានរំលឹកអង្គប្រជុំឲ្យមានការយកចិត្តទុកដាក់ផងដែរ ដល់ការរៀបចំឱ្យមានបង្គន់អនាម័យចល័តឱ្យបានច្រើន មានទឹកគ្រប់គ្រាន់ និងត្រូវមានអ្នកប្រចាំការសម្អាតជាប់ជាប្រចាំ។ អង្គប្រជុំបានលើកឡើងថា ស្តង់ពិព័រណ៍មានចំនួនសរុបជាង៥០០ស្ដង់ ដែលមានការចូលរួមតាំងបង្ហាញក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងស្ដង់ពិព័រណ៍ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ ក្រុមហ៊ុនធំៗ និងមានការចូលរួម ពីប្រទេសជាមិត្ត មួយចំនួនផងដែរ ។ ដោយឡែក ចំពោះកម្មវិធីឆ្លងឆ្នាំសកល ត្រូវខិតខំសហការពិគ្រោះយោបល់គ្នាឲ្យបានលម្អិតហ្មត់ចត់រវាង ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ វិចិត្រសិល្បៈ ទូរទស្សន៍បាយ័ន និងស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជន តាំងពីការរៀបចំកម្មវិធីទស្សនីយភាពសិល្បៈ ការរៀបចំពិធីជប់លៀង ការបាញ់កាំជ្រួចឆ្លងឆ្នាំជាដើម។

ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានជំរុញដល់ក្រុមការងារពាក់ព័ន្ធត្រូវពន្លឿនការងាររៀបចំកម្មវិធីទាំងឡាយ ដែលនៅសេសសល់ឱ្យបានចប់សព្វគ្រប់២សប្តាហ៍មុនពិធីសម្ពោធ និងអបអរសាទរនេះ មកដល់ ដើម្បីងាយស្រួលដល់ការពិនិត្យកែសម្រួលឲ្យបានល្អទាន់ពេលវេលា។ ឯកឧត្តម បានបញ្ជាក់ថា ពិធីសម្ពោធវិមានអនុស្សាវរីយ៍នៃនយោបាយឈ្នះ-ឈ្នះ និងពិធីអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ធំរបស់កម្ពុជា ដែលទាំងអស់គ្នាត្រូវខិតខំយកអស់ស្មារតីកម្លាំង កាយចិត្តចូល រួមឲ្យបានជោគជ័យ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner