យកម៉ូតូមិត្តភក្ត្រទៅបញ្ចាំលេងល្បែង ត្រូវម្ចាស់ម៉ូតូឃាត់ខ្លួនប្រគល់សមត្ថកិច្ច
ភ្នំពេញ៖ បុរស២នាក់ ជាគ្រូបង្រៀន និងជាមិត្តភក្ត្រនឹងគ្នា បានមកជួលបន្ទប់ផ្ទះសំណាក់ស្នាក់នៅមួយយប់ លុះព្រឹកឡើងមិត្តភក្ត្រម្នាក់ជាជនសង្ស័យបានប្រើល្បិចថា ខ្ចីម៉ូតូទៅរកផ្លាស់ប្តូរខោរអាវ តែបែរជាយកទៅបញ្ចាំបានលុយចំនួន៦៧០ដុល្លារ ទៅលេងល្បែងនៅកាស៊ីណូណាហ្គាអស់ ហើយពេលចេញមកវិញ ដើរតាមផ្លូវក៏ត្រូវម្ចាស់ម៉ូតូរួម និងមិត្តភក្ត្រម្នាក់ទៀត ឃាត់ខ្លួនប្រគល់សមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាតែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង១០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់សម្បត្តិមាស ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ នូ អ៊ិតភីរម្យ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរគ្រូបង្រៀន ស្នាក់នៅក្នុងវិទ្យាល័យសុខអានព្រៃសណ្តែក ភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។ ចំណែកជនងគ្រោះឈ្មោះ ផាត បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរគ្រូបង្រៀន ស្នាក់នៅផ្ទះលេខ១០៧ ផ្លូវបេតុង ភូមិកោះដាច់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ដោយឡែកម៉ូតូដែលបាត់បង់ម៉ាកសេ១២៥ ពណ៍ខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1FK-7325។ សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនរងគ្រោះ និងជនសង្ស័យ បានមកជួលបន្ទប់ផ្ទះសំណាក់សម្បត្តិមានស្នាក់នៅ (ចំណុចកើតហេតុខាងលើ) លុះព្រឹកឡើងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល០៦និង១០នាទី ជនសង្ស័យបានប្រើល្បិចខ្ចីម៉ូតូពីជនរងគ្រោះ ដោយនិយាយប្រាប់ជនរងគ្រោះថា ខ្ចីម៉ូតូជិះទៅដូរខោអាវ។ ក្រោយពីបានម៉ូតូហើយ ជនសង្ស័យបានជិះម៉ូតូរយកទៅបញ្ចាំនៅកាស៊ីណូ (NAGA) ក្នុងតម្លៃចំនួន៦៧០ដុល្លារ រួចយកលុយទៅលេងល្បែងចាញ់អស់។ រហូតដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១១និង១០នាទី មិនឃើញជនសង្ស័យយកម៉ូតូមកប្រគល់ឲ្យវិញ ជនរងគ្រោះបានដើររកឃើញជនសង្ស័យនៅម្តុំមុខសាលាគរុកោសល្យ (សង្កាត់ចតុមុខ) រួចជនរងគ្រោះ និងមិត្តភក្ត្រ ឈ្មោះ មុំ វ៉ារ៉េន បានឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថិកិច្ចប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ធ្វើការសាកសួរ ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ម.ន
