ប្រធានាធិបតីបារាំងជំរុញឲ្យអឺរ៉ុបរឹងប៉ឹងឡើង ដើម្បីទប់ស្កាត់ភាពចលាចលនៅលើពិភពលោក
អាល្លឺម៉ង់៖ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង នៅថ្ងៃអាទិត្យម្សិលមិញ បានអំពាវនាវឱ្យមានការជំរុញពីបារាំង និងអាល្លឺម៉ង់ ដើម្បីធ្វើឱ្យអឺរ៉ុបក្លាយជាតួអង្គសំខាន់លើពិភពលោកដ៏រឹងមាំ និងមានទំនុកចិត្តជាងមុន ដែលអាចទប់ស្កាត់ភាពវឹកវរនៅលើឆាកពិភពលោក។ លោក ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺហ្គែល បានប្រើប្រាស់ទិវាបញ្ចប់សង្គ្រាមលោកលើកទី១ ដើម្បីបង្ហាញសាមគ្គីភាព ស្របពេលដែលមេដឹកនាំទាំងពីរ មានបំណងរុញច្រានប្រឆាំងនឹងកម្លាំងប្រជានិយម និងជាតិនិយមនៅទ្វីបអឺរ៉ុប ក៏ដូចជាគោលជំហរឯកោនិយមរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។ លោក ម៉ាក្រុង បានប្រាប់សភាអាល្លឺម៉ង់ថា អឺរ៉ុបគឺជាអ្នកដែលដឹកនាំការជំរុញឱ្យមានថាមពលបៃតង និងប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ហើយឥឡូវនេះ បានជំរុញយ៉ាងខ្លាំងឱ្យប្រើវិធីសាស្ត្រពហុភាគីចំពោះការធ្វើពាណិជ្ជកម្ម សន្តិសុខ ការធ្វើចំណាកស្រុក និងគោលនយោបាយបរិស្ថាន។ ក្នុងនាមជាប្រធានាធិបតីបារាំងដំបូងគេដែលឡើងថ្លែងនៅសភាអាល្លឺម៉ង់ ក្នុងរយៈពេល១៨ឆ្នាំមកនេះ លោក ម៉ាក្រុង បានអំពាវនាវឱ្យមានសាមគ្គីភាពក្នុងតំបន់អឺរ៉ុបឱ្យកាន់តែខ្លាំងឡើង ដើម្បីឱ្យប្លុកនេះបំពេញបាននូវបញ្ហាប្រឈមនាពេលអនាគតនៅក្នុងពិភពលោកមិនប្រាកដប្រជានេះ៕ម.ន


