ប្រេសិតពិសេសអង្គការសហប្រជាជាតិព្រមានរុស្ស៊ី ជុំវិញការចង់ដកទណ្ឌកម្មពីកូរ៉េខាងជើង
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ អគ្គរដ្ឋទូតអាម៉េរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី នីគគី ហាលី បានសង្កត់ធ្ងន់ថា រុស្ស៊ីកំពុងព្យាយាមដកទណ្ឌកម្មពីកូរ៉េខាងជើង តែសហរដ្ឋអាម៉េរិកនឹងមិនបណ្ដោយឱ្យរឿងបែបនេះកើតឡើងឡើយ។
លោកស្រី គគី ហាលី បានធ្វើការកត់សម្គាល់បែបនេះ ក្រោយកិច្ចប្រជុំបិទទ្វារមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បតិ៍តសប្ដាហ៍នេះ ដោយលោកស្រីបាននិយាយថា អ្វីដែលពួកគេ (រុស្ស៊ី) កំពុងធ្វើ គឺចង់ដកទណ្ឌកម្មធនាគារពីកូរ៉េខាងជើង។ យើងបានដឹងយ៉ាងច្បាស់ពីបំណងរបស់ពួកគេ ហើយយើងក៏ដឹងផងដែរថា ហេតុអ្វីបានជាពួកគេព្យាយាមដកទណ្ឌកម្មពីកូរ៉េខាងជើង ប៉ុន្តែយើងនឹងមិនបណ្ដោយឱ្យរឿងបែបនេះកើតឡើងជាដាច់ខាត ។