អាជ្ញាធរឥណ្ឌូនេស៊ីរកឃើញម៉ាស៊ីនមួយទៀតរបស់យន្តហោះ Lion Air ដែលបានធ្លាក់ទៅក្នុងសមុទ្រ
អត្ថបទដោយ៖
Kien Sereyvuth
ឥណ្ឌូណេស៊ី៖ ក្រុមអ្នកស្វែងរករបស់ឥណ្ឌូនេស៊ី នៅក្នុងថ្ងៃអង្គារ៍នេះ បានរកឃើញម៉ាស៊ីនមួយទៀតរបស់យន្តហោះក្រុមហ៊ុន Lion Air ដែលបានធ្លាក់នៅដែនទឹកសមុទ្រ Karawang ខេត្ត West Java។ ម៉ាស៊ីនទី២ចុងក្រោយរបស់យន្តហោះម៉ាស៊ីនភ្លោះ Boeing 737 Max 8 ជើងហោះហើរ JT 610 ត្រូវបានរកឃើញ នៅវេលាម៉ោងប្រមាណ១៤និង៣០នាទីរសៀល (ម៉ោងក្នុងតំបន់) នៅក្នុងទឹកសមុទ្រមិនឆ្ងាយប៉ុន្មាន ពីទីតាំងដែលម៉ាស៊ីនដំបូង ត្រូវបានរកឃើញនោះទេ។

អ្នកនាំពាក្យគណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិឥណ្ឌូនេស៊ីលោក Agung Nugroho បានឲ្យដឹងផងដែរ អំពីលទ្ធផលនៃការត្រួតពិនិត្យម៉ាស៊ីនយន្តហោះ ដែលបានរកឃើញដំបូងនោះថា ម៉ាស៊ីនគឺនៅតែដំណើរការនៅពេលដែលយន្តហោះបានធ្លាក់ចូលទៅក្នុងទឹកសមុទ្រ។