ប្រធាន WHO អះអាងថា ពិភពលោកត្រូវការពេលរាប់ខែ ឬអាចរាប់ឆ្នាំ ដើម្បីផលិតវ៉ាក់សាំងមួយឲ្យចេញជាលទ្ធផល
ស្វីស៖ វាអាចនឹងត្រូវចំណាយពេលដល់រាប់ខែរហូតដល់រាប់ឆ្នាំ ដើម្បីផលិតវ៉ាក់សាំងប្រឆាំងជម្ងឺ COVID-19 ឲ្យចេញជាលទ្ធផល នេះបើតាមការបញ្ជាក់របស់អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស និងចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។
នៅក្នុងកិច្ចប្រជុំតាមរយៈវីដេអូខុនហ្វ្រិនចេញពីគណៈកម្មាធិការសុខភាព នៃសភាសហភាពអឺរ៉ុប លោក ថេដ្រូស អាដាណម បាននិយាយថា វាជារឿងដ៏លំបាកមួយក្នុងការធានាថា យើងនឹងមានវ៉ាក់សាំង… យើងមិនទាន់មានវ៉ាក់សាំងណាមួយសម្រាប់ប្រឆាំងវីរុសកូរ៉ូណានោះទេ ។ ដូច្នេះប្រសិនបើវាត្រូវបានរកឃើញ នោះ វានឹងក្លាយជាវ៉ាក់សាំងដំបូង ហើយលោកសង្ឃឹមថា វ៉ាក់សាំងនឹងត្រូវរកឃើញ ។
បច្ចុប្បន្ននេះ អង្គការសុខភាពពិភពលោកបានទទួលស្គាល់អំពីការធ្វើតេស្តវ៉ាក់សាំងសរុបជាង១០០មកពីបណ្តាប្រទេស និងក្រុមហ៊ុននានាលើលោក ក្នុងនោះ ប្រទេសចំនួន០៣ដែលកំពុងធ្វើតេស្តវ៉ាក់សាំង ឈានដល់ដំណាក់កាលទី៣ ទៅលើមនុស្ស មានដូចជា សហរដ្ឋអាម៉េរិក ចិន និងអាល្លឺម៉ង់ ៕




