ប៉ាឡេស្ទីនស្នើតុលាការយុត្តិធម៌អន្តរជាតិ ICJ បង្ខំឲ្យសហរដ្ឋអាមេរិកបិទស្ថានទូតរបស់ខ្លួននៅទីក្រុងហ្សេរុយសាឡឹម
ឡេស្ទីន៖ អាជ្ញាធរប៉ាឡេស្ទីនបានស្នើឱ្យតុលាការយុត្តិធម៌ (ICJ) បង្ខំឱ្យទីក្រុងវ៉ាស៊ីតោនបិទស្ថានទូតអាមេរិកប្រចាំទីក្រុងហ្សេរុយសាឡឹម ដោយសំអាងថាវាបានរំលោភលើអនុសញ្ញាទីក្រុងវីយែន ។
ការស្នើឡើងរបស់អាជ្ញាធរប៉ាឡេស្ទីន ធ្វើឡើងនៅក្នុងពាក្យបណ្ដឹងដាក់ជូនតុលាការយុត្តិធម៌ ICJ ប្រឆាំងនឹងសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ ដោយនៅក្នុងពាក្យបណ្ដឹងកម្រាស់ជាង១៤ទំព័របានចោទប្រកាន់ថា ការរើស្ថានទូតអាមេរិកក្នុងប្រទេសអ៊ីស្រាអែល ទៅកាន់ទីក្រុងហ្សេរុយសាឡឹម គឺជាទង្វើរំលោភលើអនុសញ្ញាទីក្រុងវីយែន ស្ដីពីទំនាក់ទំនងការទូតចុះនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៦១ ។ ជាមួយគ្នានេះ អាជ្ញាធរប៉ាឡេស្ទីនក៏បានអំពាវនាវផងដែរ ឱ្យតុលាការយុត្តិធម៌អន្តរជាតិប្រកាសថា ការប្ដូរស្ថានទូតអាមេរិកទៅកាន់ទីក្រុងហ្សេរុយសាឡឹម បានរំលោភលើច្បាប់ការទូតអន្តរជាតិ និងបង្ខំឱ្យទីក្រុងវ៉ាស៊ីនតោន ដករាល់បេសកកម្មការទូតរបស់ខ្លួនទាំងអស់ ចេញពីទីក្រុងមួយនេះមកវិញ ។
សូមរំលឹកថា សហរដ្ឋអាមេរិកបានបើកស្ថានទូតប្រចំាទីក្រុងហ្សេរុយសាឡឹមកាលពីខែឧសភាកន្លងទៅ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសជាសារធារណៈ ដោយទទួលស្គាល់ទីក្រុងបុរាណមួយនេះ គឺជារដ្ឋធានីរបស់អ៊ីស្រាអែលកាលពីខែធ្នូ ឆ្នាំ២០១៧ ហើយក៏បានបង្កអំពើហិង្សារវាងជនជាតិប៉ាឡេស្ទីន និងទាហានអ៊ីស្រាអែលនៅតំបន់ព្រំដែនហ្គាហ្សា-ស្ទ្រីពរហូតនាំឲមនុស្សស្លាប់ និងរងរបួសរាប់ពាន់នាក់ ៕