ក្រុមអតីតគណបក្សប្រឆាំងកាន់តែខ្សោះឈាម នៅពេលដែលបងប្អូនខ្មែរនៅក្រៅប្រទេសដ៏ច្រើនលើសលប់ដឹងអំពីការពិតនៃកម្ពុជា និងគាំទ្ររាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន

អត្ថបទដោយ៖
Kien Sereyvuth

ធាតុពិតនៃអតីតគណបក្សសង្រ្គោះជាតិ អាចមានដង្ហើមរហូតមកគឺដោយសារតែមានបរទេសគាំទ្រនៅពីក្រោយខ្នង និងមានការជួយជ្រោមជ្រែងពីសំណាក់បងប្អូនខ្មែររស់នៅក្រៅប្រទេសជាច្រើនផងដែរ។ ព្រោះតែនាពេលកន្លងមក បងប្អូនខ្មែរនៅក្រៅប្រទេសពុំសូវទទួលបានព័ត៌មានពិតអំពីកម្ពុជា ដោយសារតែពួកគាត់ជឿទៅលើការឃោសនារបស់បក្សពួកគណបក្សប្រឆាំងដែលដឹកនាំដោយបុគ្គល សម រង្ស៊ី និង កឹម សុខា តែងតែដើរបំភ្លៃការពិតពីកម្ពុជា ប្រាប់ដល់បងប្អូនខ្មែរនៅក្រៅប្រទេស ដើម្បីឲ្យបងប្អូននៅទីនោះជួយគាំទ្រគ្រប់បែបយ៉ាងរួមទាំងថវិកាផងដែរ ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។

បក្សពួកក្រុមគណបក្សប្រឆាំងតែងលើកយកចំណុចអវិជ្ជមានរបស់រាជរដ្ឋាភិបាល និងលើកបញ្ហារសើបនានាដើម្បីដុតបញ្ឆេះកំហឹងដល់បងប្អូនខ្មែរនៅក្រៅប្រទេសឲ្យមានការមិនពេញចិត្តនឹងរាជរដ្ឋាភិបាល ហើយចូលរួមប្រឆាំងជាមួយនឹងគណបក្សប្រឆាំង។ នៅពេលនោះហើយ បងប្អូននៅក្រៅប្រទេសបានក្លាយខ្លួនជាប្រភពធនធានដ៏សំខាន់ចិញ្ចឹមចលនាក្រុមប្រឆាំងឲ្យមកបង្កភាពចលាចលនៅកម្ពុជា ហើយសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជាស្ទើរតែត្រូវបានបំផ្លាញដោយក្រុមប្រឆាំងបែបអាណាធិបតេយ្យនោះផងដែរ។ បច្ចុប្បន្ននេះ យើងសង្កេតឃើញថា បងប្អូនខ្មែររស់នៅក្រៅប្រទេសដ៏ច្រើនលើសលប់បានទទួលព័ត៌មានអំពីការពិតនៃកម្ពុជាកាន់តែច្រើន រួមមានការអភិវឌ្ឍ និងសន្តិភាព ដែលកម្ពុជាកំពុងតែមានក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

អំពើដ៏ស្មោគគ្រោករបស់ក្រុមគណបក្សប្រឆាំងត្រូវបានអស់លក្ខណ៍ ដោយសារតែមានការខិតខំផ្សព្វផ្សាយអំពីវឌ្ឍនភាពពិតរបស់កម្ពុជា និងការចុះទៅជួបសំណេះសំណាល ពន្យល់ បកអាក្រាតទង្វើគណបក្សប្រឆាំងពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ ជាលទ្ធផល បងប្អូនខ្មែរនៅក្រៅស្រុកដ៏ច្រើនលើសលប់បានជ្រួតជ្រាប និងយល់ពីការពិតនៃកម្ពុជា ហើយងាកមកស្រលាញ់គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ។

គួររំលឹកផងដែរថា កាលពីដើមឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់បងប្អូនខ្មែរនៅក្រៅប្រទេស ក្នុងឱកាសដែលសម្តេចតេជោអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពេញអង្គអាស៊ាន-អូស្រ្តាលី នៅលើទឹកដីប្រទេសអូស្រ្តាលី។ ក្រៅពីនេះ សម្តេចក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសអូស្រ្តាលី និងបណ្តាប្រទេសផ្សេងៗផងដែរ។

ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗនៅទីក្រុងញ៉ូវញ៉ក សហរដ្ឋអាម៉េរិក។ តាមការគ្រោងទុក សហគមន៍ខ្មែរដែលមានបងប្អូនខ្មែររស់នៅសហរដ្ឋអាម៉េរិក និងកាណាដាជាច្រើន ក៏ត្រៀមរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងជួបសំណេះសំណាលជាមួយសម្តេចតេជោផងដែរ។ នេះបង្ហាញឲ្យឃើញថា បងប្អូនខ្មែរនៅក្រៅប្រទេសជាច្រើនបានងាកមកគាំទ្ររាជរដ្ឋាភិបាលកម្ពុជាវិញ ជាហេតុនាំឲ្យក្រុមគណបក្សប្រឆាំងបាត់បង់នូវធនធានដ៏សំខាន់ដែលតែងតែគាំទ្រខ្លួនកន្លងមក នាំឲ្យអតីតគណបក្សមួយនេះ កាន់តែខ្សោះឈាមក្នុងការបន្តដំណើរប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាបន្តទៀត។

ផែនការរបស់គណបក្សប្រឆាំងក៏បានទទួលរងបរាជ័យយ៉ាងធ្ងន់ម្តងទៀត ក្នុងការធ្វើយុទ្ធនាឲ្យអាម៉េរិកស្អប់កម្ពុជា និងស្នើឲ្យមានការដកអាសនៈកម្ពុជាពីអង្គការសហប្រជាជាតិ។ ទីបំផុត វត្តមានរបស់សម្តេចតេជោ នៅតែមានលើទឹកដីអាម៉េរិក និងនៅអង្គការសហប្រជាជាតិ ដែលនេះគឺជាការលើកតម្កើងតួនាទី កិត្តិយសប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ដោយស្មើមុខស្មើភាពជាមួយបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ។

ក្នុងនាមជាប្រជាជនកម្ពុជាម្នាក់ សូមថ្លែងអំណរគុណចំពោះបងប្អូនខ្មែរនៅក្រៅប្រទេស ដ៏ច្រើនលើសលប់ ដែលត្រៀមទទួលស្វាគមន៍សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រសើរជាជាងក្រុមមួយដំបស្វាដែលត្រៀមប្រឆាំង និងធ្វើឲ្យកម្ពុជាអាម៉ាសមុខនៅឆាកអន្តរជាតិ។ ទោះបីជា យើងនៅដាច់ឆ្ងាយពីគ្នាមែន តែបងប្អូនគឺជាធាតុ និងសម្បត្តិជាតិដ៏មានតម្លៃក្នុងការចូលរួមកសាងមាតុភូមិកម្ពុជានៃយើង ឲ្យជៀសផុតពីការជ្រៀតជ្រែកពីបរទេស ការបំផ្លាញពីសំណាក់ក្រុមប្រឆាំងក្រោមមនោគមន៍បរទេស។

ដោយ៖ ជា ច័ន្ទ បរិបូរណ៍

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner