ក្រសួងសាធារណការ បន្តយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវ ឱ្យយកចិត្តទុកដាក់ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹក ជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង លេខាធិការដ្ឋានអនុគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះបានធ្វើយុទ្ធនា ការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដល់បងប្អូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ នៅខេត្តស្ទឹងត្រែង។
ពិធីបានប្រព្រឹត្តទៅនៅមុខសាលាខេត្តស្ទឹងត្រែង ក្រោមអធិបភាពពីលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក, លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង ព្រមទាំង មានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត និងប្រជាពលរដ្ឋប្រមាណជាង ១០០នាក់ ។
លោកជំទាវ មឹន មាណវី បានលើកឡើងថា គោលបំណង នៃការចុះអប់រំផ្សព្វផ្សាយនាពេលនេះ គឺដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ ទោចក្រយានយន្តឱ្យយកចិត្តទុកដាក់ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាប ។
លោកជំទាវ បានបន្តថា សព្វថ្ងៃនេះមានប្រជាពលរដ្ឋជាច្រើនបានរងគ្រោះដោយសារតែមិនគោរពច្បាប់ចរាចរណ៍ ក្នុងពេលដែលកំពុងប្រើប្រាស់ផ្លូវ ក្នុងនោះមានករណី ចរាចរណ៍ខ្លះបានបណ្ដាលឲ្យប្រជាពលរដ្ឋមួយចំនួនបានបាត់បង់ដល់អាយុជីវិតជាច្រើន។ ឆ្លៀតក្នុងឱកាសនោះលោកជំទាវ មឹន មាណវី ក៏បានជំរុញដល់ប្រជាពលរដ្ឋត្រូវបន្តផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់សមាជិកក្នុងក្រុមគ្រួសារ បងប្អូន និងអ្នកជិតខាងឲ្យនាំគ្នា ចូលរួមគោរពចរាចរណ៍ឲ្យគ្រប់ៗគ្នា ។
លោកជំទាវ រដ្ឋលេខាធិការ បានការណែនាំដល់អ្នកចូលរួមក្នុងយុទ្ធនាការអំពីវិធានទប់ស្កាត់ជំងឺ Covid-19 តាមរយៈការរក្សាគម្លាតការពាក់ម៉ាស ការពារការថែរក្សាសុខភាព និងអនាម័យខ្លួនប្រាណតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺ Covid-19 ផងដែរ ៕






